ក្រុមអ្នកនយោបាយបានលើកឡើងថា ការបង្កើតរដ្ឋាភិបាលនិរទេសជាអំពើផ្ទុយពីច្បាប់ និងប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ។ ថ្លែងប្រាប់ BTV នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ មានមេដឹកនាំគណបក្សនយោបាយដែលមានសកម្មភាពយ៉ាងសកម្មនៅកម្ពុជា បានបន្តនាំគ្នាប្រតិកម្មលើការប្រកាសរបស់ក្រុមអ្នកនយោបាយនិរទេសអំពីផែនការបង្កើតរដ្ឋាភិបាលនៅបរទេស និងបានប្រឆាំងដាច់ខាតចំពោះផែនការជ្រុលនិយមដែលមានចេតនាបំផ្លាញជាតិ និងសង្គមកម្ពុជា។

លោក កាន់ វីរៈ ប្រធានគណបក្សអំណាចពលរដ្ឋ លើកឡើងថា កម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍពេញលេញដូចពេលបច្ចុប្បន្ន ដូច្នេះកម្ពុជាមិនមានភាពចាំបាច់ទៅបង្កើតរដ្ឋាភិបាលបន្ថែមនោះទេ ពោលការបង្កើតរដ្ឋាភិបាលរបស់ពួកគេមានគោលដៅតែមួយគត់ គឺចង់បំផ្លិចបំផ្លាញជាតិតែប៉ុណ្ណោះ។

ជាមួយគ្នាលោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ លើកឡើងដែរថា ការបង្កើតរដ្ឋាភិបាលនិរទេស គឺជាអំពើផ្ទុយពីច្បាប់ ក៏ដូចជាប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ។ ប្រធានគណបក្សរូបនេះ បានប្រឆាំងដាច់ខាតទោះការបង្កើតនោះក្នុងរូបភាពជារដ្ឋាភិបាលក្រៅប្រទេស ឬបង្កើតក្រុមប្រឆាំងក្នុងប្រទេសក្តីសុទ្ធតែជាចេតនាឈានទៅផ្តួលរំលំរាជរដ្ឋាភិបាល។

លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកនយោបាយទាំងអស់ចូលរួមទប់ស្កាត់ចំពោះផែនការបង្កើតរដ្ឋាភិបាលនិរទេស ជាពិសេសលោកបានស្នើក្រសួងមហាផ្ទៃរៀបចំបង្កើតច្បាប់ការពារមិនឱ្យគណបក្សនយោបាយក្នុងប្រទេសមានទំនាក់ទំនងជាមួយក្រុមអ្នកនយោបាយនៅក្រៅប្រទេសដែលជាឈ្នាន់សម្រាប់ជាន់ពន្លិចការកសាងប្រទេស និងការអភិវឌ្ឍន៍សង្គមជាតិ។
សូមជម្រាបថា ក្នុងឱកាសអញ្ជើញខួបលើកទី៧៣នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា គណបក្សណាក៏ដោយ អ្នកណាក៏ដោយ ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលបង្កើតនៅឯបរទេស ប្រសិនបើកើតឡើងនាពេលខាងមុខ តាមការគ្រោងទុកនោះ គឺត្រូវតែកម្ចាត់ចោល និងរំសាយចោលភ្លាមនូវអង្គការចាត់តាំងបក្សដែលនៅក្នុងប្រទេស ព្រោះនេះជាចលនាជ្រុលនិយមដែលគ្រោះថ្នាក់បំផុតដល់ជាតិ។ បន្ថែមលើសពីនេះជុំវិញផែនការបង្កើតរដ្ឋាភិបាលនៅឯបរទេសនោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់រាជរដ្ឋាភិបាលធ្វើការពិនិត្យលទ្ធភាពក្នុងការវិសោធនកម្មលើច្បាប់ស្តីពីការបង្កើតគណបក្សនយោបាយ និងច្បាប់ពាក់ព័ន្ធផងដែរ៕ អត្ថបទ សេក ឧត្តម