ក្រោមគំនិតផ្តួចផ្តើមរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា គិតក្នុងរយៈពេល១ខែមិថុនា នៃយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” មានការចូលរួមគាំទ្រចំនួនប្រមាណ២៤ម៉ឺននាក់ ជាមួយនឹងថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាម៉េរិកចំនួនជាង ៣,៣លានដុល្លារ។
តាមរយៈសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលនៃយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា ទោះបីជាយុទ្ធនាការត្រូវបិទបញ្ចប់នៅពេលនេះមែនតែមូលនិធិគន្ធបុប្ផាកម្ពុជា នៅតែបន្តបេសកកម្មកៀរគរការបរិច្ចាគជាប្រចាំ ព្រោះថាមន្ទីរពេទ្យគន្ធបុប្ផា ត្រូវការថវិកាចំណាយចំនួនប្រមាណ ១២ម៉ឺនដុល្លារ ក្នុងមួយថ្ងៃៗ ឬស្មើនឹងប្រមាណ ៤៣លានដុល្លារ ក្នុងមួយឆ្នាំៗ ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការក្នុង បេសកកម្មផ្តល់ការពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះរាប់លានករណី ក្នុងមួយឆ្នាំៗ ប្រកបដោយគុណភាព ឥតគិតថ្លៃ និងមិនមានការរើសអើង។
ប្រជាពលរដ្ឋរស់នៅតំបន់ផ្សេងៗគ្នា ដែលកំពុងរងចាំទទួលសេវាពិនិត្យព្យាបាលកូន និងចៅៗ នៅមន្ទីរពេទ្យកុមារ គន្ធបុប្ជា បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងសម្តែងការអរគុណជូនចំពោះសប្បុរសជននានា ទាំងទីជិត ទីឆ្ងាយ និងនៅក្រៅប្រទេសផងដែរ ដែលបានរួមគ្នាជួយដល់ក្មេងៗ ជាពិសេសគឺជួយដល់ជនខ្វះខាត និងទីទាល់ ដែលគ្មានលទ្ធភាពក្នុងការព្យាបាលកូននៅពេលមានបញ្ហាសុខភាព។
មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានស្ថាបនិក និងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយស បានរៀបចំយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” នេះឡើង ក្នុងគោលបំណងពីរសំខាន់ៗ គឺ៖ ១. ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និង២.ដើម្បីរំលឹក និងបំផុស ចលនាកៀរគរការបរិច្ចាគក្នុងស្មារតី “ខ្មែរជួយខ្មែរ” ទោះតិចក្តី ឬច្រើនក្តី ពីសំណាក់សប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការផ្តល់ក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវដល់សប្បុរសជននានា ទាំងនៅក្នុងស្រុក និងនៅប្រទេស សូមបន្តនូវទឹកចិត្តសប្បុរស និងវប្បធម៌ចែករំលែកដ៏ថ្លៃថ្លានេះ រួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការនាំមកនូវក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា ទោះតិចក្តី ច្រើនក្តី ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប៕ អត្ថបទ ឈិត បូរ៉ាវី




