មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ខិតខំយកចិត្តទុកដាក់បំពេញតួនាទីជាបុគ្គលិកល្អ គ្រូពេទ្យល្អ ទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ និងនវានុវត្តន៍។ បើតាមលោកវេជ្ជបណ្ឌិត នេត សុវីរៈ នាយកមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះថា បច្ចុប្បន្នមនី្ទរពេទ្យមានផ្តល់សេវាគ្រប់ផ្នែក ដូចជា៖ ពិគ្រោះជំងឺក្រៅ ផ្នែកសង្រ្គោះបន្ទាន់ ផ្នែកសម្ភព ផ្នែកវះកាត់ ធំ ផ្នែកវះកាត់ជំងឺកុមារ ផ្នែកភ្នែក ត្រចៀក ច្រមុះ បំពង់ក និងជំនាញផ្សេងៗជាច្រើនទៀត។ ជាពិសេសក្រុមការងារគ្រូពេទ្យរបស់យើង បានខិតខំផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

ទន្ទឹមនឹងនោះកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងពិនិត្យការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ មណ្ឌលសុខភាពទឹកថ្លា និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងបានថ្លែងអំណរគុណ ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ដែលខិតខំបំពេញការងារយកអស់កម្លាំងកាយចិត្ត ក្នុងការខិតខំបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។

លោកវេជ្ជបណ្ឌិត នេត សុវីរៈ រួមនឹងថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ពិតជាមានកី្តសប្បាយរីករាយដែរបានទទួលស្វាគមន៍វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះពិនិត្យការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋនិងកត់សម្គាល់ឃើញនូវចំនុចមួយ ក្នុងការកែលម្អដើម្បីបង្កើនប្រសិទ្ធភាពបន្ថែមទៀត និងសូមគោរពជូនពរឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ នៃក្រសួងសុខាភិបាល សូមសមប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទ រដ្ឋា





