ទីភ្នាក់ងារព័ត៌មានជាតិ បានរាយការណ៍ថា កងកម្លាំងសន្តិសុខរដ្ឋរបស់ប្រទេសលីបង់ បានចាប់ខ្លួនជនជាតិស៊ីរី ៣០នាក់ នៅក្នុងទីក្រុង Berkayel ភាគខាងជើង កាលពីថ្ងៃចន្ទ ពីបទចូលប្រទេសនេះ ដោយខុសច្បាប់។
ជនជាតិស៊ីរីទាំងនេះ ត្រូវបានចាប់ខ្លួនរួមជាមួយនឹងអ្នកបើកបរជនជាតិលីបង់ម្នាក់ ដែលបានចោទប្រកាន់ថា បានរត់ពន្ធពួកគេឆ្លងព្រំដែន។

អ្នកបើកបរនោះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ខណៈដែលអ្នកជាប់ឃុំ នឹងត្រូវផ្ទេរទៅអាជ្ញាធរពាក់ព័ន្ធសម្រាប់លទ្ធភាពបញ្ជូនត្រឡប់ទៅប្រទេសស៊ីរីវិញ បន្ទាប់ពីមានការយល់ព្រមពីតុលាការ។

ការចាប់ខ្លួននេះ ធ្វើឡើង ស្របពេលមានការខិតខំប្រឹងប្រែងរបស់លីបង់កាន់តែខ្លាំងឡើង ដើម្បីទប់ស្កាត់ការឆ្លងដែនដែលគ្មានការអនុញ្ញាតពីប្រទេសស៊ីរី។ តាមសេចក្តីរាយការណ៍ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ កងទ័ពលីបង់ បានរារាំងការប៉ុនប៉ងរបស់ជនជាតិស៊ីរីរាប់ពាន់នាក់ ក្នុងការចូលទៅកាន់ប្រទេសនេះ។
បច្ចុប្បន្ននេះ ប្រទេសលីបង់ជាប្រទេសដែលមានចំនួនជនភៀសខ្លួនខ្ពស់បំផុតនៅលើពិភពលោក ដោយ រដ្ឋាភិបាល បានប៉ាន់ប្រមាណថា ប្រជាជនស៊ីរីប្រហែល ១,៥លាននាក់ កំពុងស្វែងរកការជ្រកកោន នៅក្នុងប្រទេសនេះ។