ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានទទួលធ្វើជាសហប្រធានគណៈកម្មាធិការការងារអភិវឌ្ឍន៍ទីផ្សារមូលធនអាស៊ាន (WC-CMD) ជាមួយអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) សម្រាប់អាណត្តិរយៈពេល ២ឆ្នាំ ចាប់ពីខែកក្កដា ឆ្នាំ២០២៤ ដល់ខែមិថុនា ឆ្នាំ២០២៦។
និយ័តករមូលបត្រកម្ពុជា នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រោយចប់កិច្ចប្រជុំផ្ទេរតំណែងសហប្រធាន WC-CMD តាមប្រព័ន្ធអនឡាញ កាលរសៀលថ្ងៃទី១ ខែកក្កដានេះ បានឲ្យដឹងថា គណៈកម្មាធិការការងារអភិវឌ្ឍន៍ទីផ្សារមូលធនអាស៊ាន (WC-CMD) ត្រូវបានបង្កើតឡើងដោយកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០០៣ ក្នុងគោលបំណង ដើម្បីកសាងសមត្ថភាព និងរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការអភិវឌ្ឍទីផ្សារមូលធនអាស៊ាន ជាមួយនឹងគោលដៅរយៈពេលវែងក្នុងការសម្រេចបាននូវកិច្ចសហប្រតិបត្តិការឆ្លងដែននៃទីផ្សារមូលបត្រ នៅក្នុងអាស៊ាន។ WC-CMD មានតួនាទីក្នុងការរាយការណ៍វឌ្ឍនភាពការងារនៅក្នុងកិច្ចប្រជុំអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុនិង ទេសាភិបាលរងធនាគារកណ្តាលអាស៊ាន (AFCDM) តាមរយៈកិច្ចប្រជុំក្រុមការងារ AFCDM (AFCDM-WG) និងរាយការណ៍ទៅកាន់គណៈកម្មាធិការជាន់ខ្ពស់អាស៊ាន (SLC) ស្តីពីកិច្ចប្រជុំសមាហរណកម្មហិរញ្ញវត្ថុ និងគណៈ- កម្មាធិការដឹកនាំសម្រាប់កិច្ចប្រជុំពង្រឹងសមត្ថភាព (SCCB)។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា មានប្រសាសន៍ថា នឹងប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋ ជាសមាជិក និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវគោលបំណងរួម។ រួមគ្នា នឹងអាចបង្កើតទីផ្សារមូលបត្រ ដែលមានភាពបត់បែន បរិយាបន្ន ភាពធន់ និងនិរន្តរភាព ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកប ដោយនិរន្តភាពនៅទូទាំងអាស៊ាន។
ពាក់ព័ន្ធកិច្ចប្រជុំកិច្ចប្រជុំផ្ទេរតំណែងសហប្រធាន WC-CMD នាពេលនេះ មានគោលបំណងដើម្បីផ្ទេរកាចរងារដែលនៅសេសសល់ ក៏ដូចជាផ្តល់នូវវឌ្ឍនភាពការងារ និងចែករំលែកបទពិសោធន៍នៃការរៀបចំកិច្ចប្រជុំ WC-CMD ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុព្រុយណេ (MOFE Brunei) និងគណៈកម្មការមូលបត្រហ្វីលីពីន (PSEC), សហប្រធាន WC-CMD ឆ្នាំ២០២២ ដល់ ខែមិថុនា ឆ្នាំ២០២៤, វិទ្យាស្ថានហិរញ្ញវត្ថុនិរន្តរភាពអាស៊ី (SFIA), ប្រធានក្រុមការងារក្រោមក្របខណ្ឌ WC-CMD ដែលមាន MAS ដែលជាប្រធានក្រុមការងារហិញ្ញវត្ថុនិរន្តរភាព, គណៈកម្មការមូលបត្រម៉ាឡេស៊ី ដែលជាប្រធានក្រុមការងារហិរញ្ញវត្ថុហេដ្ឋារចនាសម្ព័ន្ធ និងលេខាធិការដ្ឋានអាស៊ាន (ASEC)៕
អត្ថបទ៖ ឈិត បូរ៉ាវី






