
ពលរដ្ឋក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក នៅថ្ងៃអង្គារ (ទី២ ខែកក្កដា) នេះ បាននិយាយថា ទឹកជំនន់នៅភាគខាងជើងសហភាបមីយ៉ាន់ម៉ា បាននាំឲ្យមនុស្សរាប់ពាន់នាក់ជាប់នៅក្នុងផ្ទះរបស់ពួកគេទៅណាមិនរួច ហើយចរន្តអគ្គិសនី និងខ្សែទូរសព្ទ ត្រូវបានកាត់ផ្ដាច់ ដោយការិយាល័យអាកាសធាតុរបស់រដ្ឋព្រមានពីការមានភ្លៀងខ្លាំងបន្ថែមទៀត។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ នៅក្នុងទីក្រុង Myitkyina ដែលជាទីក្រុងនៅភាគខាងជើងរដ្ឋ Kachin ទឹកទន្លេ Ayeyarwady បានឡើងលើសពី «កម្រិតគ្រោះថ្នាក់»។
រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក បានបង្ហាញពីអគារដែលត្រូវទឹកជន់លិច ហើយមនុស្សដើរឆ្លងកាត់ទឹក ដែលលិចដល់ក ដោយទូលរបស់របរលើក្បាលរបស់ពួកគេ។
អ្នកស្រុកម្នាក់ នៅទីក្រុង Myitkyina បានប្រាប់សារព័ត៌មាន AFP ថា «ទឹកបានឡើងយ៉ាងលឿន។ អ្នកស្រុកជាច្រើននៅតែជាប់នៅក្នុងផ្ទះ» ដោយបន្ថែមថា បណ្តាញអគ្គិសនី និងទូរសព្ទ បានដាច់ ចាប់តាំងពីថ្ងៃអាទិត្យមក។ អ្នកស្រុករូបនោះ បានប្រាប់ទៀតថា មានការខ្វះខាតប្រេងឥន្ធនៈនៅក្នុងទីក្រុង ហើយអ្នកជួយសង្គ្រោះកំពុងប្រឈមនឹងការលំបាកជាច្រើន ក្នុងការចូលទៅឲ្យដល់មនុស្សទាំងនោះដោយម៉ូតូទូក។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ទឹកជំនន់បាននាំមនុស្សរាប់ពាន់នាក់ជាប់នៅក្នុងផ្ទះរបស់ពួកគេ ហើយការិយាល័យអាកាសធាតុរបស់រដ្ឋ បានព្រមានអំពីភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ ការិយាល័យនេះ បានប្រាប់ឲ្យដឹងទៀតថា ទឹកទន្លេ Ayeyarwady អាចឡើងដល់កម្ពស់ពី ៦ទៅ ១០ហ្វីត (៣,០៨៤ម៉ែត្រ) ក្នុងរយៈពេល ១០ថ្ងៃដំបូងនៃខែកក្កដានេះ៕