
បើទោះបីជាការស្ទង់មតិបង្ហាញថា បរិស្ថាន គឺស្ថិតក្នុងចំណោមកង្វល់ធំៗរបស់អ្នកបោះឆ្នោត នៅក្នុងការបោះឆ្នោតសកល នៅចក្រភពអង់គ្លេស នាសប្តាហ៍នេះក៏ដោយ ក៏បណ្ដាសកម្មជននិយាយថា បញ្ហាបរិស្ថានបៃតងមិនមែនជាប្រធានបទលេចធ្លោគ្រប់គ្រាន់ អំឡុងពេលធ្វើយុទ្ធនាការឃោសនានោះឡើយ។
គួរបញ្ជាក់ថា ការបោះឆ្នោតរបស់ប្រទេសនេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែកក្កដា) នេះ ដោយគណបក្សប្រឆាំងធំជាងគេ ត្រូវបានរំពឹងថា នឹងអាចវិលត្រឡប់ទៅកាន់អំណាចវិញ ក្រោយរយៈពេល ១៤ឆ្នាំ។
ការបោះឆ្នោត ត្រូវបានប្រកាសឡើង កាលពីខែឧសភា ដោយលោកនាយករដ្ឋមន្ត្រី លោក Rishi Sunak មកពីគណបក្សកំពុងកាន់អំណាច គឺគណបក្សអភិរក្សនិយម ដែលត្រូវបានចោទប្រកាន់ថា បានធ្វើឲ្យចក្រភពអង់គ្លេសពន្យាពេលដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។
កាលពីឆ្នាំមុន ក្រុមអភិរក្សនិយម បានប្រកាសថា ពួកគេនឹងជំរុញដល់ការហាមឃាត់មិនឲ្យលក់រថយន្តប្រើសាំង និងម៉ាស៊ូតថ្មី ចាប់ពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៣៥ ដោយអះអាងថា ការធ្វើបែបនេះ នឹងមិនប៉ះពាល់ដល់គោលដៅកាត់បន្ថយបំភាយឧស្ម័នឲ្យនៅកម្រិតសូន្យនោះទេ។
ជាការឆ្លើយតប គណបក្សការងារ និងគណបក្សប្រជាធិបតេយ្យសេរី បាននិយាយថា ពួកគេនឹងផ្លាស់ប្តូរកាលបរិច្ឆេទនោះ រហូតដល់ឆ្នាំ២០៣០។
ការមានវិធីសាស្រ្តផ្សេងគ្នាទាំងនេះ ចំពោះបម្រែបម្រួលអាកាសធាតុ និងការការពារបរិស្ថាន ក្នុងចំណោមគណបក្សនយោបាយឈានមុខគេ មានន័យថា អ្នកបោះឆ្នោតអាចជ្រើសរើសរវាងផែនការអាកាសធាតុផ្សេងៗគ្នា៕