
កងទ័ពលីបង់កាលពីថ្ងៃចន្ទ បានទទួលអំណោយចំនួន ២០លានដុល្លារ ពីប្រទេសកាតា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយបញ្ជាការកងទ័ព។
សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា អំណោយដែលត្រូវបានផ្តល់ដោយមេដឹកនាំប្រទេសកាតា លោក Emir Sheikh Tamim bin Hamad Al Thani គឺជាផ្នែកមួយនៃការបន្តគាំទ្ររបស់កាតាសម្រាប់យោធាលីបង់ ចំពេលមានការប្រឈមផ្នែកសេដ្ឋកិច្ចដែលកំពុងបន្តរបស់ប្រទេសនេះ។
កងទ័ព បានបញ្ជាក់ថា ជំនួយនេះ នឹងត្រូវចែកស្មើៗគ្នាក្នុងចំណោមទាហានទាំងអស់ បន្ទាប់ពីការបញ្ចប់នីតិវិធីរដ្ឋបាល។
លោក Joseph Aoun មេបញ្ជាការកងទ័ពលីបង់ បានសម្តែងការដឹងគុណរបស់ខ្លួនចំពោះ «គំនិតផ្តួចផ្តើមដ៏មានតម្លៃ» ដែលបង្ហាញពីការរួមចំណែករបស់ខ្លួន ក្នុងការបន្ធូរបន្ថយបន្ទុកនៃវិបត្តិលើទាហាន។
កងទ័ពរបស់ប្រទេសលីបង់ បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ របស់ប្រទេសនេះ ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៩។ វិបត្តិនេះ បានបណ្តាលឲ្យ មានការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃប្រាក់ផោនលីបង់ ដែលនាំឲ្យមានការកាត់បន្ថយប្រាក់ឈ្នួលសម្រាប់បុគ្គលិកផ្នែកសាធារណៈ រួមទាំងទាហានផងដែរ។