អាហ្វហ្គានីស្ថាន៖ យោធាអង់គ្លេសបាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់ជនជាតិអាហ្វហ្គានីស្ថានចំនួន ៧នាក់បានស្លាប់ដោយសារការប្រជ្រៀតបុកគ្នាទាំងស្លន់ស្លោ របស់មនុស្សដែលព្យាយាមចូលអាកាសយានដ្ឋានអន្តរជាតិកាប៊ុល ខណៈមនុស្សរាប់ពាន់នាក់នៅតែព្យាយាមភៀសខ្លួនចេញពីប្រទេសក្នុងភាពច្របូកច្របល់ មួយសប្ដាហ៍បន្ទាប់ពីការចូលកាន់កាប់របស់ពួកតាលីបង់។

ក្រុមតាលីបង់បានរុលទៅរកការប្រឈមមុខដាក់គ្នាដំបូង នៃការតស៊ូប្រដាប់អាវុធចាប់តាំងពីការដណ្ដើមកាន់កាប់បានអាហ្វហ្កានីស្ថាន ស្ទើរតែទាំងមូលក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះ។ យុទ្ធជនប្រឆាំងតាលីបង់បានអះអាងថា បានដណ្ដើមបានតំបន់ភ្នំចំនួន៣ ហើយមេបញ្ជាការកងជីវពលដ៏លេចធ្លោម្នាក់នៅក្នុងខេត្តតែមួយគត់ ដែលមិនទាន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់តាលីបង់បានសន្យាថា នឹងវាយបកវិញប្រសិនបើត្រូវបានវាយប្រហារ។ យោធាអង់គ្លេសកាលពីថ្ងៃអាទិត្យបានទទួលស្គាល់ថា មានមនុស្សស្លាប់យ៉ាងតិច ៧នាក់នៅឯព្រលានយន្តហោះ។
អ្នកផ្សេងទៀតអាចត្រូវបានគេជាន់ថប់ដង្ហើម ឬគាំងបេះដូង ខណៈដែលក្រុមយុទ្ធជនតាលីបង់បានបាញ់ទៅលើអាកាស ដើម្បីព្យាយាមបណ្តេញហ្វូងមនុស្សត្រឡប់ទៅវិញ។ ទាហានបានរុំសាកសពជាច្រើនដោយប្រើក្រណាត់ពណ៌ស។ កងទ័ពផ្សេងទៀតបានឈរនៅលើរនាំងបេតុង ដោយព្យាយាមធ្វើឱ្យហ្វូងមនុស្សរក្សាភាពស្ងៀមស្ងាត់៕
អត្ថបទ៖ សុខមាន