
រុស្ស៊ី និយាយនៅថ្ងៃអង្គារនេះថា ខ្លួនបានបំផ្លាញយន្តហោះចម្បាំង SU-27 ចំនួន ៥គ្រឿងរបស់អ៊ុយក្រែន ដោយប្រើប្រាស់មីស៊ីល Iskander-M ហើយនិងបានធ្វើឲ្យខូចខាតយន្តហោះចម្បាំង ២គ្រឿងទៀត នៅឯអាកាសយានដ្ឋាន Myrhorod ស្ថិតនៅតំបន់ភាគកណ្តាល Poltava របស់អ៊ុយក្រែន ។
អ៊ុយក្រែន និយាយថា មាននូវការវាយប្រហារពិតមែនលើអាកាសយានដ្ឋានរបស់ខ្លួន ប៉ុន្តែរុស្ស៊ី និយាយបំផ្លើសការខូចខាត ។ អ៊ុយក្រែន ពុំបានបញ្ជាក់លម្អិតឲ្យបានច្បាស់នោះទេថាតើអ្វីខ្លះ រងការខូចខាត ឬរងការបំផ្លិចបំផ្លាញ ។
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញរូបភាពវីដេអូឃ្លីបនៃការវាយប្រហារ ឃើញផ្សែង និងអណ្តាតភ្លើង ហុយចេញពីអាកាសយានដ្ឋាន ប៉ុន្តែពួកគេ ពុំបាននិយាយពីពេលវេលាដែលការវាយប្រហារនេះធ្វើឡើងនោះទេ ។
ក្រសួងបន្តថា ជាលទ្ធផលនៃការវាយប្រហាររបស់រុស្ស៊ី យន្តហោះចម្បាំង SU-27 ចំនួន ៥គ្រឿងរបស់អ៊ុយក្រែន ត្រូវបានបំផ្លាញ និងយន្តហោះចម្បាំង ២គ្រឿងទៀត រងការខូចខាត ។
រុស្ស៊ី បើកការវាយប្រហារលើអាកាសយានដ្ឋានអ៊ុយក្រែន ស្របពេលដែលទីក្រុងគីវ ត្រៀមទទួលយកយន្តហោះចម្បាំង F-16 ផលិតនៅសហរដ្ឋអាមេរិក ដែលទីក្រុងម៉ូស្គូ សន្យាថា នឹងកម្ទេចចោលឲ្យអស់ ៕