
ការឃុំខ្លួនចំពោះអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន គឺលោក Imran Khan ធ្វើឡើងទាំងបំពាន និងរំលោភលើច្បាប់អន្តរជាតិ។ នេះបើតាមក្រុមការងារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ដែលបានលើកឡើងនៅក្នុងប្រកាសមួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ (ទី១ ខែកក្កដា) ដោយបន្ថែមថា អ្នកនយោបាយជាប់ពន្ធនាគាររូបនោះ គួរតែត្រូវបានដោះលែងជាបន្ទាន់។
ក្រុមការងារ UN ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ទទួលបន្ទុកចំពោះកិច្ចការឃុំខ្លួនដោយបំពាន បាននិយាយថា «ដំណោះស្រាយសមស្រប គឺការដោះលែងលោក Khan ជាបន្ទាន់ និងព្រមប្រគល់ឲ្យរូបលោកនូវសិទ្ធិដែលអាចអនុវត្តបាន ក្នុងការទូទាត់សំណង និងការខូខាតផ្សេងទៀត ដែលស្របតាមច្បាប់អន្តរជាតិ»។
ក្រុមការងាររបស់ UN នេះ បានប្រាប់ថា បញ្ហាផ្លូវច្បាប់របស់លោក Khan គឺជាផ្នែកមួយនៃ «យុទ្ធនាការគាបសង្កត់កាន់តែធំឡើង» ប្រឆាំងនឹងរូបលោក និងគណបក្ស Pakistan Tehree-e-Insaf (PTI) របស់លោក។ ក្រុមនេះបានលើកឡើងថា មុនដល់ព្រឹត្តិការណ៍បោះឆ្នោតឆ្នាំ២០២៤ សមាជិកនៃគណបក្សរបស់លោក Khan ត្រូវបានចាប់ខ្លួន និងធ្វើទារុណកម្ម ហើយការប្រមូលផ្តុំរបស់ពួកគេត្រូវបានរំខាន។ ហើយក្រុមតំណាងឲ្យ UN នេះ ក៏បានចោទប្រកាន់ដែរថា «មានការក្លែងបន្លំយ៉ាងទូលំទូលាយ នៅថ្ងៃបោះឆ្នោត ដោយបានលួចអាសនៈសភារាប់សិបកៅអី»។
ពាក់ព័ន្ធនឹងការលើកឡើងនេះ ស្ថានទូតប៉ាគីស្ថានប្រចាំទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក មិនមានការអត្ថាធិប្បាយអ្វីភ្លាមៗនោះឡើយ។ តែគណៈកម្មាធិការរៀបចំការបោះឆ្នោតប៉ាគីស្ថាន បដិសេធថា ការបោះឆ្នោតនេះ មិនមានការបន្លំនោះទេ។
គួរបញ្ជាក់ថា លោក Khan បានជាប់ពន្ធនាគារតាំងពីខែសីហាឆ្នាំមុនមកម៉្លេះ ហើយត្រូវបានកាត់ទោសក្នុងសំណុំរឿងខ្លះ មុនការបោះឆ្នោតជាតិ ក្នុងខែកុម្ភៈ។ រូបលោកក៏កំពុងតស៊ូប្រឆាំងនឹងករណីរាប់សិបផ្សេងទៀតដែលកំពុងបន្តមាន។ លោក Khan និងគណបក្សរបស់លោក និយាយថា រាល់ការចោទប្រកាន់ទាំងនេះ គឺមានហេតុផលនយោបាយ ដោយធ្វើឡើងក្នុងគោលបំណងរារាំងមិនឲ្យលោកវិលទៅកាន់អំណាចវិញ៕