
ភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរកាលពីថ្ងៃចន្ទ នៅរដ្ឋភាគឦសាន ប្រទេសឥណ្ឌា បានបង្ខំឲ្យអ្នកស្រុក ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ និងស្វែងរកទីជម្រកបណ្តោះអាសន្ននៅលើទីទួលសុវត្ថិភាព ។
ដីកសិកម្ម និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ រងការជន់លិចគ្មានសល់នៅក្នុងទឹកជំនន់ ស្របពេលដែលអ្នកស្រុកពិបាកឈានដល់តម្រូវការប្រចាំថ្ងៃ ហើយនិងរងទុក្ខវេទនាជាខ្លាំង ។
រូបថតសន្លឹក ឃើញអ្នកស្រុក ប្រើប្រាស់ទូកឈើ ដើម្បីធ្វើដំណើរពីកន្លែងមួយទៅកាន់កន្លែងមួយទៀត ពេលដែលទឹកជំនន់ ជន់លិចវាលស្រែ និងដីចម្ការរបស់ពួកគេ ។
ប្រជាពលរដ្ឋជាច្រើន ត្រូវបានគេមើលឃើញជញ្ជូនគ្រឿងសង្ហារឹម និងសម្ភារៈជាច្រើនទៀត ចេញពីផ្ទះរបស់ពួកគេ និងស្វែងរកទីជម្រកបណ្តោះអាសន្ននៅខាងក្រៅ ។
ទន្លេព្រហ្មបុត្រ(Brahmaputra)នៅរដ្ឋ Assam បានហូរពីលើកម្រិតគ្រោះថ្នាក់ ដោយសារភ្លៀងបង្អុរចុះឥតឈប់ឈរ នាំឲ្យកើតមានការជន់លិចនៅតាមតំបន់ជាច្រើនទូទាំងរដ្ឋ ។
យោងតាមសេចក្តីរាយការណ៍ពីក្រុមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ Assam បានឲ្យដឹងថា ទឹកជំនន់ បានធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋជាងកន្លះលាននាក់ នៅតាមស្រុកចំនួន ១៩ និងបានឆក់យកអាយុជីវិតមនុស្ស ៣៥នាក់ នៅក្នុងឆ្នាំនេះ ៕