
នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានទៅដល់ទីក្រុងគីវហើយ នៅថ្ងៃអង្គារ (ទី២ ខែកក្កដា) នេះ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy អំពីបញ្ហាបច្ចុប្បន្ននៃទំនាក់ទំនងហុងគ្រី និងអ៊ុយក្រែន។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យរបស់លោក Orban។
ដំណើរទស្សនកិច្ចរបស់លោក Orban ដែលជាអ្នករិះគន់ដោយឥតលាក់លៀម ចំពោះការផ្ដល់ជំនួយយោធារបស់លោកខាងលិចដល់អ៊ុយក្រែននោះ បានកើតឡើងក្នុងរយៈពេល ១ថ្ងៃបន្ទាប់ពីហុងគ្រីបានចូលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU)។
នៅក្នុងការឆ្លើយតបតាមអ៊ីម៉ែល (សារអេឡិកត្រូនិច) អ្នកនាំពាក្យរបស់លោក Orban គឺលោក Bertalan Havasi បានប្រាប់សារព័ត៌មាន Reuters ថា «ប្រធានបទសំខាន់បំផុតនៃកិច្ចពិភាក្សា គឺឱកាសដើម្បីបង្កើតសន្តិភាព» ដោយលោកបានបន្ថែមថា មេដឹកនាំទាំង២ ក៏នឹងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីហុងគ្រី និងអ៊ុយក្រែនផងដែរ។
លោក Orban ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងចំណោមបណ្ដាមេដឹកនាំ EU បានប្រឆាំងជាញឹកញាប់ ចំពោះគំនិតផ្តួចផ្តើមរបស់ EU ក្នុងការជួយគាំទ្រអ៊ុយក្រែន ទប់ទល់នឹងការវាយលុករបស់ទីក្រុងមូស្គូ គិតចាប់តាំងពីការលុកលុយ កាលពីខែកុម្ភៈ ឆ្នាំ២០២២។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន EU បានបើកកិច្ចពិភាក្សាសមាជិកភាពជាមួយអ៊ុយក្រែន ដោយផ្តល់ឲ្យប្រទេសនេះនូវការជំរុញផ្នែកនយោបាយ អំឡុងពេលធ្វើសង្រ្គាមប្រឆាំងនឹងរុស្ស៊ី ទោះបីជាផ្លូវដ៏វែងឆ្ងាយ និងលំបាក នៅមានខាងមុខ មុនពេលដែលខ្លួនអាចចូលរួមក្នុងប្លុកនេះក៏ដោយ៕