
ភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមានការជន់លិច និងបំណាក់ដីនៅនៅតាមទីក្រុងជាច្រើន ស្ថិតក្នុងតំបន់ភាគខាងត្បូងប្រទេសចិន ។
ទូរទស្សន៍រដ្ឋ CCTV និងសារព័ត៌មានក្នុងស្រុក រាយការណ៍ថា នៅស្រុក Pingjiang ក្នុងខេត្ត Hunan អ្នកស្រុកជាង ៣៤ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ក្រោយភ្លៀងធ្លាក់ឥតឈប់ឈរ បណ្តាលឲ្យកម្រិតទឹកទន្លេឡើងខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ១៩៥៤ ។
នៅក្នុងរូបភាពវីដេអូឃ្លីបចាក់ផ្សាយដោយ CCTV ឃើញតំបន់ជនបទរងការជន់លិចធ្ងន់ធ្ងរ ពេលដែលទឹកជំនន់មានកម្ពស់យ៉ាងហោច ១ម៉ែត្រ ។
ក្រុមជួយសង្រ្គោះ បានព្យាយាមជម្លៀសមនុស្សចេញពីរានហាល ឡៅតឿ និងដំបូលផ្ទះ ។ នៅក្នុងឧបទ្ទេវហេតុមួយ ក្រុមជួយសង្រ្គោះលោតចូលទឹកជម្រៅ ១ម៉ែត្រកន្លះ នៅក្នុងផ្ទះ ដើម្បីសង្រ្គោះអាយុជីវិតទារកម្នាក់ ។
ភ្លៀងធ្លាក់ឥតឈប់ឈរ បានបង្ខំឲ្យក្រុមអាជ្ញាធរនៅទូទាំងទីក្រុង បង្កើនផែនការសង្រ្គោះបន្ទាន់ ពេលដែលទន្លេឡើងទឹក គំរាមកំហែងដល់អាយុជីវិតមនុស្សរាប់លាននាក់ ។
យោងតាមការអះអាងរបស់មន្ទីរឧតុនិយមជាតិចិន បានឲ្យដឹងថា គេរំពឹងថា ភ្លៀងខ្លាំង នឹងឈប់ធ្លាក់នៅថ្ងៃពុធស្អែកនេះ នៅតាមតំបន់ខ្សែទឹកកណ្តាល និងខ្សែទឹកក្រោមរបស់ទន្លេ Yangtze ៕