បាល់ទាត់៖ អតីតកីឡាកររបស់ក្រុមកាំភ្លើងធំ Arsenal, Serge Gnabry រកបានពីរគ្រាប់ម្នាក់ឯងជួយឱ្យ Bayern Munich រកបាន ៣ពិន្ទុដំបូងរដូវកាលនេះនៅក្របខណ្ឌអាល្លឺម៉ង់ Bundesliga យកឈ្នះ FC Cologne ៣-២។

ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski គឺជាអ្នកបើកការនាំមុខមុននៅនាទីទី៥០ មានន័យថា Lewandowski ស៊ុតបញ្ចូលទី ១២ប្រកួតជាប់គ្នាហើយនៅ Bundesliga មុនពេល Gnabry ស៊ុតគ្រាប់នាំមុខ ២-០ នៅនាទីទី៥៨។ ក្រុមភ្ញៀវភ្លាមៗក៏រកបានពីរគ្រាប់តាមស្មើវិញដោយ Anthony Modeste នាទីទី៦០ និង Mark Uth នាទីទី៦២។ Serge Gnabry គឺជាអ្នកស៊ុតគ្រាប់សំរេចបីពិន្ទុឱ្យ Bayern Munich នៅនាទីទី៧១។ នេះជាជ័យជំនះដំបូងនៅ Bundesliga រដូវកាលថ្មីនេះរបស់ Bayern Munich ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Julian Nagelsmann បន្ទាប់ពីបើករដូវកាលកាលពីសប្តាហ៍មុនស្មើនៅទឹកដី Borussia Moenchengladbach ១-១។

ចំណែកការប្រកួតកាលពីថ្ងៃសៅរ៍វិញ Borussia Dortmund បានរងបរាជ័យនៅទឹកដី Freiburg ២-១។ ពីរគ្រាប់របស់ម្ចាស់ផ្ទះ Freiburg ដោយ Vincenzo Grifo នាទីទី៦ និង Roland Sallai នាទីទី៥៣ គ្រប់គ្រាន់សំរាប់ Freiburg ទទួលបានបីពិន្ទុសប្តាហ៍នេះបើទោះជា Yannik Keitel ភ្លាត់ចូលទីខ្លួនឯងក៏ដោយ។ ក្រោយសប្តាហ៍ទី២ នេះក្រុមដែលនាំមុខគេក្នុងតារាងមាន ៦ពិន្ទុពេញគឺ Wolfsburg ដែលបានយកឈ្នះនៅទឹកដី Hertha Berlin ២-១៕
អត្ថបទ៖នាង សុភាវុធ