ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានរំលឹក និងដាស់ តឿនដល់គ្រប់បណ្តាកងឯកភាពទាំងអស់ដែលចំណុះឲ្យក្រសួងការពារជាតិ ត្រូវតែចាត់វិធានការយ៉ាងម៉ឺង ម៉ាត់បំផុតចំពោះយោធិនណាដែលប្រើប្រាស់ និងជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ហើយប្រសិនបើរក ឃើញថាជាប់ពាក់ព័ន្ធនោះត្រូវតែដកចេញពីក្របខណ្ឌកងទ័ពភ្លាមៗ ដោយមិនត្រូវលើកលែងឲ្យនោះ ឡើយ។
ការព្រមានជាថ្មីម្តងទៀតរបស់ប្រមុខការពារជាតិកម្ពុជារូបនេះ គឺបានធ្វើឡើង នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងការពារជាតិកម្ពុជា។
នាយឧត្តមសេនីយ៍បានព្រមានថា «ត្រូវតែចាត់វិធានការម៉ឺងម៉ាត់ក្នុងការត្រួតពិនិត្យរកសារធាតុញៀន នៅក្នុងជួរកងយោធពលខេមរភូមិន្ទ ក្នុងករណីដែលរកឃើញយោធិនណាម្នាក់មានការប្រើប្រាស់គ្រឿងញៀន នឹងត្រូវបណ្តេញចេញពីអង្គភាពដោយមិនលើកលែង»។ បន្ថែមពីនេះនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី ក៏បានជំរុញឱ្យមានការពង្រឹងវិន័យតាមបណ្តាអង្គភាពចំណុះកងទ័ព ធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាពការងារ របៀបរៀបរយ និងគ្រប់គ្រងចំនួនទ័ពឱ្យកាន់តែល្អប្រសើរថែមទៀត។
នៅក្នុងកិច្ចប្រជុំនេះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានណែនាំឱ្យកងយោធពលខេមរភូមិន្ទ បន្តធ្វើកំណែទម្រង់ និងទំនើបកម្មជាបន្តបន្ទាប់ ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនាពេលកន្លងទៅ ដើម្បីធានាដល់និរន្តរភាពសមត្ថភាពការពារជាតិរបស់កម្ពុជា ឆ្លើយតបនឹងការវិវឌ្ឍនៃសភាពការណ៍ពិភពលោកបច្ចុប្បន្ន និងថ្ងៃអនាគត។ មួយវិញទៀតនាយឧត្តមសេនីយ៍ ក៏បានជំរុញឱ្យបណ្តាអង្គភាពក្រោមចំណុះក្រសួងការពារជាតិ យកចិត្តទុកដាក់ក្នុងការពង្រឹងការចងសម្ព័ន្ធមេត្រីភាពជាមួយបណ្តាក្រសួងស្ថាប័ន អង្គភាព និងមន្ទីរនានា ចំណុះរាជរដ្ឋាភិបាល ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើងផងដែរ។ឮ
ជាងនេះទៅទៀត នាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិក៏បានឲ្យគ្រប់ កងឯកភាពទាំងអស់បន្តត្រៀមកម្លាំងមធ្យោបាយ គ្រឿងចក្រ និងសម្ភារៈផ្សេងៗ សម្រាប់ចូលរួមជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ បន្តធ្វើការទប់ស្កាត់និងបង្ក្រាបឱ្យខាងតែបានដាច់ខាតចំពោះសកម្មភាពភេរវកម្ម និងបដិវត្តន៍ពណ៌ណាមួយ។
សូមបញ្ជាក់ថានៅក្នុងកិច្ចប្រជុំខាងលើនេះ នាយឧត្តមសេនីយ៍ ទៀ សីហា តំណាងឲ្យកងយោធពលខេមរភូមិន្ទទាំងមូល ក៏បានបន្តប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ គម្រោងព្រែកជីកហ្វូណនតេជោ ដែលផ្តួចផ្តើមដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ដែលគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍បដ៏មហាសាលដល់សេដ្ឋកិច្ចជាតិ និងប្រជាជនកម្ពុជាទាំងមូលនោះ៕
អត្ថបទ ៖ បាន ចក់






