
ក្រុមឧទ្ទាមហ៊ូទីយេម៉ែន បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេ បានចុះប្រតិបត្តិការយោធា ៤លើក ដោយមានគោលដៅលើនាវា ៤គ្រឿងដែលមានទំនាក់ទំនងជាមួយអាមេរិក អង់គ្លេស និងអ៊ីស្រាអែល នៅក្នុងសមុទ្រក្រហម សមុទ្រអារ៉ាប់ និងសមុទ្រមេឌីទែរ៉ាណេ ក៏ដូចជាមហាសមុទ្រឥណ្ឌា ។
លោក Yahya Sarea គឺជាអ្នកនាំពាក្យក្រុមឧទ្ទាមហ៊ូទី បាននិយាយថា នៅក្នុងប្រតិបត្តិការលើកដំបូង នាវាអ៊ីស្រាអែល MSC Unific បានក្លាយជាគោលដៅនៅក្នុងសមុទ្រអារ៉ាប់ ។
លោកបន្តថា នាវាដឹកប្រេង Delonix របស់សហរដ្ឋអាមេរិក បានក្លាយជាគោលដៅវាយប្រហារផងដែរ នៅក្នុងប្រតិបត្តិការលើកទី ២ ដែលបានធ្វើឡើងនៅក្នុងសមុទ្រក្រហមជាលើកទី ២ ក្នុងសប្តាហ៍នេះ ។
ចំណែកឯប្រតិបត្តិការទី ៣ មានគោលដៅលើនាវាឡើងគោក Anvil Point របស់អង់គ្លេស នៅក្នុងមហាសមុទ្រឥណ្ឌា ហើយប្រតិបត្តិការលើកទី ៤ នៅក្នុងសមុទ្រមេឌីទែរ៉ាណេ ដោយមានគោលដៅលើនាវា Lucky Sailor ។
ក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់ បានបើកការវាយប្រហារដោយយានដ្រូន និងមីស៊ីលនៅតាមផ្លូវដឹកជញ្ជូនសមុទ្រ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុនរហូតមក ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាស្រ្ទីប ៕