
ក្រសួងសុខាភិបាលប៉ាឡេស្ទីន និយាយថា ស្រ្តីជនប៉ាឡេស្ទីនម្នាក់ និងក្មេងប្រុសម្នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ អំឡុងប្រតិបត្តិការរបស់អ៊ីស្រាអែលនៅទីក្រុង Tulkarm ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែង ។
នៅពុំទាន់មានព័ត៌មានភ្លាមៗនោះទេ ពីអាយុរបស់ក្មេងប្រុស ។ កងកម្លាំងអ៊ីស្រាអែល បានវាយឆ្មក់ទីក្រុង Tulkarm កាលពីថ្ងៃអាទិត្យ និងបានសម្លាប់សមាជិកម្នាក់របស់ក្រុមជីវពលជីហាដអ៊ីស្លាម ។
ប្រភពព័ត៌មាន បានឲ្យដឹងថា កងកម្លាំងអ៊ីស្រាអែល បានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធជំរំ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ បំផ្លិចបំផ្លាញដោយចេតនាទ្រព្យសម្បត្តិរដ្ឋ និងឯករាជ្យ ហើយនិងបំផ្លាញបណ្តាញទឹកដ៏សំខាន់នៅក្នុងតំបន់វ៉េសប៊ែង ។
ប្រភពបន្តថា កងកម្លាំងអ៊ីស្រាអែល បានដុតកម្ទេចផ្ទះសម្បែងនៅក្នុងជំរំ និងបំផ្លាញផ្ទះនៅជិតគ្នាផងដែរ ។
សូមបញ្ជាក់ថា មនុស្សប្រហែល ៥៥០នាក់ រួមទាំងក្រុមជីវពល និងជនស៊ីវិល ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល នៅតំបន់វ៉េសប៊ែង ចាប់តាំងពីសង្រ្គាមហ្កាហ្សា បានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ៕