
វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃចន្ទថា របាយការណ៍យោធារបស់ប្រទេសបេឡារុសដែលថា អ៊ុយក្រែន បាននិងកំពុងដាក់ពង្រាយកងទ័ព អាវុធ និងគ្រឿងយុទ្ធបករណ៍បន្ថែមទៀត ចូលទៅក្នុងតំបន់ Zhytomyr ភាគខាងជើងរបស់ខ្លួនដែលមានព្រំប្រទល់ជាប់ប្រទេសបេឡារុស គឺជាមូលហេតុនៃការព្រួយបារម្ភ។
ក្រសួងការពារជាតិបេឡារុស បានចោទប្រកាន់ថា អ៊ុយក្រែន កំពុងបង្កើតកងកម្លាំងរបស់ខ្លួន កាលពីថ្ងៃសៅរ៍។
អ្នកនាំពាក្យនៃសេវាឆ្មាំព្រំដែនអ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទថា សេចក្តីថ្លែងការណ៍បែបនេះ គឺជាផ្នែកមួយនៃ«ប្រតិបត្តិការផ្តល់ព័ត៌មាន» ដែលគាំទ្រដោយរុស្ស៊ី ហើយថា ទីក្រុងគីវ បានរក្សាកងកម្លាំងនៅជិតព្រំដែនជាមួយប្រទេសបេឡារុស ដើម្បីទប់ស្កាត់ការបង្កហេតុណាមួយដែលអាចកើតឡើង។
នៅពេលត្រូវបានសួរអំពីការអះអាងកាន់ពីបង្កើនទ័ពរបស់អ៊ុយក្រែននៅព្រំដែនបេឡារុសនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានរំលឹកអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា បេឡារុស គឺជាផ្នែកមួយនៃរដ្ឋសហសហភាពជាមួយរុស្ស៊ី ហើយថា កិច្ចសន្ទនារវាងទីក្រុងមូស្គូ និងទីក្រុងមិនស្ក៍ ( Minsk) រួមទាំងរវាងទីភ្នាក់ងារចរកម្មរបស់ពួកគេ គឺមានភាពជិតស្និទ្ធនឹងគ្នា។
ចំណែកក្រសួងការពារជាតិរបស់យើង កំពុងទាក់ទងគ្នាជានិច្ច។ ជាការពិតណាស់ នេះគឺជាមូលហេតុនៃការព្រួយបារម្ភ មិនត្រឹមតែសម្រាប់ទីក្រុងមិនស្ក៍ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ទីក្រុងមូស្គូផងដែរ ពីព្រោះយើងពិតជាសម្ព័ន្ធមិត្ត និងដៃគូ»។