
ជនរងគ្រោះនៃការវាយប្រហារនៅថ្ងៃទី៧ ខែតុលារបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល បានប្តឹងប្រទេសអ៊ីរ៉ង់ស៊ីរី និងកូរ៉េខាងជើង កាលពីថ្ងៃចន្ទ ដោយនិយាយថា រដ្ឋាភិបាលរបស់ពួកគេ បានផ្គត់ផ្គង់ដល់ក្រុមសកម្មប្រយុទ្ធនូវប្រាក់ អាវុធ និងជំនាញ ដែលត្រូវការ ដើម្បីធ្វើការវាយលុក ដែលបានជំរុញឲ្យអ៊ីស្រាអែល បន្តសង្គ្រាម នៅតំបន់ហ្កាហ្សា។
ពាក្យបណ្តឹងដែលដាក់នៅតុលាការសហព័ន្ធ ក្នុងទីក្រុងញូវយ៉ក ទាមទារសំណងយ៉ាងហោចណាស់ ៤ ពាន់លានដុល្លារសម្រាប់«ការសម្របសម្រួលនៃការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ការចាប់ចំណាប់ថ្នូរ និងអំពើដ៏គួរឲ្យរន្ធត់ ដែលចុងចោទទាំងនេះ បានផ្តល់ជំនួយសម្ភារៈ និងធនធាន»។
បេសកកម្មរបស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការចោទប្រកាន់នេះ ខណៈដែលស៊ីរី និងកូរ៉េខាងជើង មិនបានឆ្លើយតប។
សហរដ្ឋអាមេរិក បានចាត់ទុកប្រទេសអ៊ីរ៉ង់ ស៊ីរី និងកូរ៉េខាងជើងថា ជាអ្នកឧបត្ថម្ភរដ្ឋនៃអំពើភេរវកម្ម ហើយទីក្រុងវ៉ាស៊ីនតោន បានចាត់ទុកក្រុមហាម៉ាស ជាអ្វីដែលគេស្គាល់ថា ជាភេរវករពិភពលោក ដែលមានការ ចាត់តាំងយ៉ាងពិសេស។