
ជនប៉ាឡេស្ទីន ត្រូវបានគេមើលឃើញដើរតាមផ្លូវពោពេញដោយទឹកស្អុយ និងទឹកកខ្វក់នៅក្នុងទីក្រុង Khan Younis តំបន់ហ្កាហ្សាស្រ្ទីប ខណៈដែលសង្រ្គាមកំពុងបន្ត បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស្ទើតែទាំងស្រុងនៅក្នុងតំបន់មួយនេះ ។
លោក Mohammed al-Bayouk គឺជាជនប៉ាឡេស្ទីនមួយរូបនិយាយថា ទឹកស្អុយ បានហូរចូលផ្ទះរបស់ពួកយើង និងតំបន់ជិតខាង ហើយលោកមានការព្រួយបារម្ភខ្លាំងណាស់ចំពោះសុខភាពកូនៗរបស់លោក ។
លោក al-Bayouk និយាយថា តំបន់ទាំងមូល ពេលដែលកងទ័ពអ៊ីស្រាអែល ចូលដល់ទីក្រុង Khan Younis ពួកគេបង្កការខូចខាតច្រើនណាស់ ។
លោកថា អ្នកដែលរងគ្រោះខ្លាំងជាងគេបំផុត គឺកូនៗរបស់ពួកយើង ក្លិនរបស់ទឹកស្អុយពិតជាអសោចខ្លាំងណាស់ ។
ដោយឡែក លោក Marwan al-Homs គឺជាគ្រូពេទ្យប៉ាឡេស្ទីនមួយរូបនិយាយថា ហេដ្ឋារចនាសម្ព័ន្ធរងការខូចខាត និងកង្វះខាតទឹកស្អាត នឹងបណ្តាលឲ្យមានក្តីបារម្ភដល់សុខភាពសាធារណៈ ។
លោក al-Homs និយាយថា កត្តាទាំងអស់នេះ នឹងបណ្តាលឲ្យមានការរីករាលដាលជំងឺពេញតំបន់ហ្កាហ្សាស្រ្ទីប តែម្តង ៕