ភ្នំពេញ៖ ក្រុមហ៊ុន ស៊ីងហ្គាពួរ មេឌីខល សេនធ័រ និងក្រុមហ៊ុន លីហួរ គ្រុប បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់លើកិច្ចសហប្រតិបត្តិការ ដើម្បីផ្តល់នួវអត្ថប្រយោជន៏មួយ ក្នុងចំណោមអត្ថប្រយោជន៏ផ្សេងទៀតរបស់ លីហួរ សម្រាប់ជាកាដូរដល់បុគ្គលិក ជាពិសេសជាផ្នែកមួយក្នុងការទាក់ទាញបុគ្គលិកឆ្នើមក្នុងបរិបទនៃទីផ្សារប្រកួតប្រជែងក្នុងប្រទេស។
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី២៩ កញ្ញា ឆ្នាំ២០២០កន្លងទៅ នៅទីក្រុងភ្នំពេញ រវាងលោកឧកញ៉ា សៀ ឫទ្ធី ប្រធាននាយកប្រតិបត្តិនៃមណ្ឌលវេជ្ជសាស្ត្រ ស៊ីងហ្គាពួរ មេឌីខន សិនធ័រ និងលោកឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន លីហ៊ួរ គ្រុប។
នៅក្នុងពិធី លោកឧកញ៉ា លី ហ៊ួរ បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនលោក មានក្រុមហ៊ុនបុត្រសម្ពន្ធ័ចំនួន៨ ដែលមានបុគ្គលិកសរុបចំនួនប្រមាណ ២ពាន់នាក់។ លោកបន្តថា បន្ទាប់ពីការចុះហត្ថលេខា បុគ្គលិកទាំងអស់របស់ក្រុមហ៊ុន លីហួរ នឹងទទួលបានអត្ថប្រយោជន៏នូវការពិនិត្យសុខភាពដោយមិនគិតថ្លៃដោយមានការជួយឧបត្ថមពីមូលនិធិលីហួរ គ្រុប។ មូលនិធិលី ហួរ គ្រុបនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយសំរួលទុក្ខលំបាកដល់បុគ្គលិកទាំងអស់របស់ក្រុមហ៊ុនទាំងមូល។
លោកឧកញ៉ា សៀ ឫទ្ធី បានបញ្ជាក់ថា ស៊ីងហ្គាពួរ មេឌីខល សេនធ័រ ត្រូវបានបង្កើតឡើងដោយមានគោលដៅចម្បងក្នុងការផ្ដល់នូវបទដ្ឋានវេជ្ជសាស្ត្រប្រកបដោយឧត្តមភាពជូនដល់ប្រជាជនកម្ពុជា ហើយមណ្ឌលនេះ គឺជាវេជ្ជសាស្ត្រដំបូងគេនៅកម្ពុជា ដែលបានសហការជាមួយនឹងក្រុមវេជ្ជបណ្ឌិតឯកទេសមកពីសឹង្ហបុរី ដែលមានផ្តល់សេវាកម្ម ដូចជា៖ការពិនិត្យសុខភាពជំងឺទូទៅ សុខភាពស្ត្រី ការពិគ្រោះជំងឺតាមប្រព័ន្ធឌីជីថល និងការវះកាត់ទូទៅ។ល៕ អត្ថបទ៖ ឈិត បូរ៉ាវី
