
វិមានក្រឹមឡាំង នៅថ្ងៃអង្គារ (ទី២ ខែកក្កដា) នេះ បាននិយាយថា សេចក្ដីលម្អិតចុងក្រោយនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅប្រទេសរុស្ស៊ី កំពុងត្រូវបានរៀបចំគ្រោងឡើង ហើយថា ការធ្វើឲ្យកាន់តែប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច នឹងក្លាយជាប្រធានបទដ៏សំខាន់មួយនៃដំណើរទស្សនកិច្ចនេះ។
វិមានក្រឹមឡាំងមិនទាន់បានប្រកាសពីកាលបរិច្ឆេទនៃដំណើរទស្សនកិច្ចរបស់លោក Modi នៅឡើយទេ ទោះបីជាទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ីមួយ បានរាយការណ៍កាលពីខែមុនថា ដំណើរទស្សនកិច្ចនេះ នឹងធ្វើឡើងនៅក្នុងខែកក្កដានេះក៏ដោយ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំគ្រាន់តែអាចបញ្ជាក់ម្តងទៀតថា ដំណើរទស្សនកិច្ចនេះ គឺស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំ។ នេះគឺជាដំណើរទស្សនកិច្ចសំខាន់ណាស់»។
ជាមួយគ្នានេះ ក្រៅពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចនោះ លោក Peskov បានបន្ថែមថា បញ្ហាសន្តិសុខក្នុងតំបន់ និងពិភពលោក ក៏តែងតែជារឿងសំខាន់បំផុតជាងគេ នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំបែបនេះ៕