
កាលពីថ្ងៃចន្ទម្សិលមិញ ក្រុមបាតុករ នាំគ្នាដង្ហែក្បួននៅតាមទីក្រុងជាច្រើននៅតំបន់ភាគពាយ័ព្យប្រទេសស៊ីរី រយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយលេចឮព័ត៌មានផ្សព្វផ្សាយថា ពលរដ្ឋទួរគី បានវាយធ្វើបាបជនជាតិស៊ីរីនៅតាមទីក្រុងជាច្រើនរបស់ប្រទេសទួរគី ។
ការប៉ះទង្គិចគ្នា ត្រូវបានរាយការណ៍នៅក្នុងប្រទេសស៊ីរី នៅតាមតំបន់ព្រំដែន ក្នុងនោះ ក្រុមបាតុករ និយាយថា ពួកគេនាំគ្នាដង្ហែក្បួនបែបនេះ ដើម្បីរារាំងក្បួនរថយន្តទួរគី ពីការធ្វើដំណើរឆ្លងកាត់ ។
ខណៈពេលនោះដែរ រដ្ឋាភិបាលទួរគី ជំរុញឲ្យរក្សាភាពស្ងប់ស្ងៀម ក្រោយអំពើហិង្សារបស់ហ្វូងមនុស្សលើជនភៀសខ្លួនស៊ីរី បានផ្ទុះឡើងនៅតំបន់ភាគកណ្តាល Melikgazi និងរីករាលដាលដល់តំបន់ជាច្រើនទៀត ។
អំពើកុបកម្ម បានផ្ទុះឡើង ក្រោយក្រុមអាជ្ញាធរទួរគី ចាប់ខ្លួនបុរសជនជាតិស៊ីរីម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីចាប់រំលោភសេពសន្ថវៈលើក្មេងស្រីស៊ីរី អាយុ ៧ឆ្នាំម្នាក់ នៅទីក្រុងភាគកណ្តាល Kayseri ។
ពលរដ្ឋទួរគី ដែលផ្ទុះកំហឹងដោយសារសេចក្តីរាយការណ៍តាមអនឡាញ បានក្រឡាប់រថយន្តនៅទីក្រុង Kayseri និងដុតកម្ទេចហាងគ្រប់គ្រងដោយជនជាតិស៊ីរី កាលពីថ្ងៃអាទិត្យ ដោយពួកគេទាមទារឲ្យបណ្តេញជនជាតិស៊ីរីចេញពីប្រទេសរបស់ពួកគេ ៕