ក្រុមអាជ្ញាធរបាននិយាយថា មនុស្សចំនួន១១៦ នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការប្រជ្រៀតជាន់គ្នានៅឯពិធីជួបជុំសាសនាហិណ្ឌូមួយ នៅប្រទេសឥណ្ឌាភាគខាងជើង ។

ហ្វូងមនុស្សដ៏ធំមួយបានប្រមូលផ្តុំគ្នាកាលពីថ្ងៃអង្គារសប្ដាហ៍នេះ នៅភូមិមួយក្នុងស្រុក ហាតរ៉ាស(Hathras) នៃរដ្ឋឧតាប្រទេស(Uttar Pradesh) ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានី New Delhi សម្រាប់ការសន្ដាប់ការទូន្មានខាងសាសនា ហើយព្យុះធូលីដ៏ខ្លាំងក្លា បានបង្កឱ្យមានការភ័យស្លន់ស្លោនៅពេលមនុស្សកំពុងចាកចេញពីពិធី។

មនុស្សជាច្រើនត្រូវបានប្រជ្រៀតជាន់គ្នា ហើយគរលើគ្នា ចំណែកមួយចំនួនបានធ្លាក់ចូលលូតាមផ្លូវក្នុងភាពចលាចលនេះ។
លោក ប្រាសាន់ គូម៉ា (Prashant Kumar) ស្នងការនគរបាលក្នុងរដ្ឋ ឧតា ប្រទេស បាននិយាយថា មនុស្សយ៉ាងហោចណាស់១១៦ នាក់បានស្លាប់ ភាគច្រើនជាស្ត្រី និងកុមារ។
មន្ត្រីនគរបាលលោក រ៉ាចេស ស៊ីញ ( Rajesh Singh) បាននិយាយថា ភាពចង្អៀតណែនខ្លាំង អាចជាកត្តាដើមចមមួយ។
របាយការណ៍ដំបូងបានលើកឡើងថា មនុស្សជាង ១៥,០០០នាក់ បានប្រមូលផ្តុំគ្នាសម្រាប់ព្រឹត្តិការណ៍នេះ ដែលមានការអនុញ្ញាតឲ្យចូលរួមប្រមាណ៥,០០០នាក់ ប៉ុណ្ណោះ៕