ប្រទេសចិន និងហ្វីលីពីនបានរៀបចំកិច្ចពិភាក្សាដ៏សំខាន់មួយកាលពីថ្ងៃទី ២ ខែកក្កដា សប្ដាហ៍នេះ ដើម្បីព្យាយាមបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីការប្រឈមដាក់គ្នាដ៏អាក្រក់បំផុតរវាងភាគីទាំង២ក្នុងជម្លោះសមុទ្រចិនខាងត្បូង បង្កឱ្យមានក្ដីបារម្ភនៃការផ្ទុះជម្លោះកាន់តែធំ ដែលអាចពាក់ព័ន្ធនឹងសម្ព័ន្ធមិត្តរបស់ទីក្រុងម៉ានីល នោះគឺសហរដ្ឋអាមេរិក។

ពុំមានការលើកឡើងពីកិច្ចព្រមព្រៀងសំខាន់ណាមួយ ដើម្បីព្យាយាមទប់ស្កាត់កុំឲ្យមានការប៉ះទង្គិចម្តងទៀតដូចកាលពីថ្ងៃទី ១៧ ខែមិថុនា នៅឯដែនទឹកមានជម្លោះ Second Thomas Shoal ដែលបណ្តាលឲ្យទាហានជើងទឹកហ្វីលីពីនរងរបួស និងខូចខាតទូកយោធាពីរគ្រឿងនោះឡើយ។

ក្រសួងការបរទេសក្នុងទីក្រុងម៉ានីលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារថា គណៈប្រតិភូចិន និងហ្វីលីពីន បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្ថយភាពតានតឹងដោយពុំមានការរំខានគ្នាទៅវិញទៅមក។ មានការវិវឌ្ឍយ៉ាងសំខាន់លើការបង្កើតវិធានការដើម្បីគ្រប់គ្រងស្ថានការណ៍នៅដែនសមុទ្រ ប៉ុន្តែការខ្វែងគំនិតគ្នាសំខាន់ៗនៅតែមាន។
យោងតាមភាគីហ្វីលីពីន អនុរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី ថេរ៉េសា ឡាហ្សារ៉ូ (Theresa Lazaro)បានប្រាប់សមភាគីចិនគឺអនុរដ្ឋមន្ត្រីការបរទេសចិនលោកជិន សៀវទុង(Chen Xiaodong)ថាហ្វីលីពីននឹងមានការអត់ធ្មត់ក្នុងការការពារផលប្រយោជន៍របស់ខ្លួន និងរក្សាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ៕