អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិប្រចាំតំបន់ហ្កាហ្សា លោកស្រី ស៊ីហ្គ្រីដ ខាក (Sigrid Kaag) បាននិយាយកាលពីថ្ងៃអង្គារ (០២ កក្កដា) ថា មនុស្ស ១,៩ លាននាក់ ដែលស្មើនឹង ៨០ ភាគរយនៃចំនួនប្រជាជននៃទឹកដីនេះ ត្រូវបានផ្លាស់ទីលំនៅ ឬភៀសខ្លួន ដោយបន្ថែមថាលោកស្រីមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នៃបទបញ្ជាជម្លៀសថ្មីសម្រាប់ក្រុង ខាន់ យូនីស (Khan Younis) ខណៈប្រមុខអង្គការសហប្រជាជាតិ និយាយថានោះជាបញ្ជាជម្លៀសទ្រង់ទ្រាយធំបំផុតចាប់ពីខែតុលា មក។

អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា មនុស្សរហូតដល់ ២៥០.០០០ នាក់ត្រូវបានរងផលប៉ះពាល់ដោយបទបញ្ជាយោធាអ៊ីស្រាអែល ប្រាប់ឱ្យជនស៊ីវិលចាកចេញពីតំបន់ អាល់-ការ៉ារ៉ា (Al-Qarara), បានី ស៊ូហែលឡា (Bani Suhaila) និងតំបន់ផ្សេងទៀតនៅជិតទីក្រុង ខាន់យូនីស របស់ដែនដីដែលមានប្រជាជនសរុប ២,៤ លាននាក់មួយនេះ។

លោកស្រីបាននិយាយថា ជំនួយដែលចូលទៅដល់តំបន់ហ៊ុមព័ទ្ធនេះគឺមិនគ្រប់គ្រាន់ទេ ហើយថាការបើកច្រកឆ្លងកាត់ថ្មី ជាពិសេសទៅកាន់តំបន់ហ្កាហ្សាភាគខាងត្បូង គឺចាំបាច់ដើម្បីបញ្ចៀសគ្រោះមហន្តរាយមនុស្សធម៌។ លោកស្រី ខាក បាននិយាយថា ច្រកឆ្លងកាត់ក្រុង រ៉ាហ្វា (Rafah) រវាងតំបន់ហ្កាហ្សា និងអេហ្ស៊ីប គួរតែត្រូវបានបើកឡើងវិញ ហើយបានអង្វរករដល់សហគមន៍អន្តរជាតិឱ្យធ្វើបន្ថែមទៀត ដើម្បីផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ។
អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) បាននិយាយថា «បទបញ្ជាសម្រាប់ការជម្លៀសទំហំ ១១៧ គីឡូម៉ែត្រក្រឡានៅក្នុងក្រុង ខាន់យូនីស និងក្រុងរ៉ាហ្វា អនុវត្តចំពោះទីតាំងទំហំប្រហែលមួយភាគបីនៃតំបន់ហ្កាហ្សា ដែលធ្វើឱ្យវាក្លាយជាបញ្ជាជម្លៀសដ៏ធំបំផុតចាប់តាំងពីខែតុលាមក ឆ្នាំមុនមក៕