ចៅក្រមនៅទីក្រុងញូវយ៉ក (New York) សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (០២ កក្កដា) បានពន្យារពេលការកាត់ទោសរបស់លោក ដូណាល់ ត្រាំ (Donald Trump) ទៅរហូតដល់ថ្ងៃទី១៨ ខែកញ្ញា សម្រាប់ការផ្តន្ទាទោសរបស់លោកលើការចោទប្រកាន់ពីបទព្រហ្មទណ្ឌ ដែលផ្តើមចេញពីការបង់ប្រាក់បំបិទមាត់ឱ្យតារាអាសអាភាស បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិករូបនេះបានស្នើសុំឱកាសដើម្បីបង្ហាញអំណះអំណាងដែលថាលោកគួរតែមានអភ័យឯកសិទ្ធិរារាំងពីការកាត់ទោស។

ការកាត់ទោសដើមឡើយត្រូវបានកំណត់សម្រាប់ថ្ងៃទី១១ ខែកក្កដា ខាងមុខនេះ ប៉ុន្មានថ្ងៃមុនពេលសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋ ចាប់ផ្តើមនៅទីក្រុង មីលវ៉ាវឃី (Milwaukee) នៅថ្ងៃទី១៥ ខែកក្កដា។ ការកំណត់ពេលវេលាថ្មីមានន័យថាលោក ត្រាំ ទំនងជាត្រូវបានតែងតាំងជាបេក្ខជនប្រធានាធិបតីដោយគណបក្សរបស់លោកដើម្បីប្រកួតប្រជែងជាមួយប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) មុនពេលត្រូវបានកាត់ទោស។

ពេលនេះ ចៅក្រម ហ័ន មើឆាន (Juan Merchan) នឹងត្រូវសម្រេចចិត្តលើការដាក់ទោសសម្រាប់លោក ត្រាំ រួមទាំងថាតើត្រូវឱ្យលោកជាប់ពន្ធនាគារដែរឬអត់ នៅក្នុងយុទ្ធនាការបោះឆ្នោតសកលនៅមុនការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា។ លោក ត្រាំ ប្រឈមមុខនឹងការប្រយុទ្ធផ្លូវច្បាប់ដ៏ខ្លាំងក្លាមួយដើម្បីលុបចោលសាលក្រមបណ្ដឹងប្រាក់បំបិទមាត់នេះ ព្រោះភ័ស្តុតាងជាច្រើននៅក្នុងសំណុំរឿងផ្អែកលើពេលវេលារបស់លោកក្នុងពេលកំពុងតំណែង។

មេធាវីរបស់លោក ត្រាំ កាលពីថ្ងៃចន្ទ បានស្នើសុំឱ្យលោក មើឆាន អនុញ្ញាតឱ្យផ្ដល់អំណះអំណាងក្នុងសាលក្រមនោះនៅតុលាការរដ្ឋញូវយ៉ក ក្នុងទីក្រុង មែនហាតថាន (Manhattan) ថាគួរតែត្រូវបានលុបចោល ដោយសារតែសេចក្តីសម្រេចរបស់តុលាការកំពូលសហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះដែលថាប្រធានាធិបតីមានសិទ្ធិទទួលបានអភ័យឯកសិទ្ធិពីការកាត់ទោសព្រហ្មទណ្ឌសម្រាប់សកម្មភាពផ្លូវការ៕