អតីតមន្ត្រីរដ្ឋាភិបាលអាមេរិក ១២ នាក់ ដែលលាលែងពីតំណែងដោយសារការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់សង្គ្រាមអ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃអង្គារ (០២ កក្កដា) បានចោទប្រកាន់រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ពី «ការជាប់ពាក់ព័ន្ធដែលមិនអាចប្រកែកបាន» ក្នុងការសម្លាប់ជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ អតីតមន្ត្រីរដ្ឋាភិបាលទាំង ១២ រូបនោះបាននិយាយថា រដ្ឋបាលលោក បៃដិន កំពុងបំពានច្បាប់របស់សហរដ្ឋអាមេរិក តាមរយៈការគាំទ្ររបស់ខ្លួនសម្រាប់អ៊ីស្រាអែល និងស្វែងរកចន្លោះប្រហោងដើម្បីបន្តដឹកជញ្ជូនសព្វាវុធទៅឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន។
មានការរិះគន់អន្តរជាតិកាន់តែខ្លាំងឡើងចំពោះការប្រព្រឹត្តរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា និងការគាំទ្រផ្នែកយោធា និងការទូតរបស់សហរដ្ឋអាមេរិកសម្រាប់សម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងសង្គ្រាមដែលបានសម្លាប់មនុស្សជិត ៣៨.០០០ នាក់ និងបានបង្កើតវិបត្តិមនុស្សធម៌។

ការលាលែងពីតំណែងរបស់មន្ត្រីអាមេរិកទាំង ១២ រូបនោះឆ្លុះបញ្ចាំងពីការមិនពេញចិត្តមួយចំនួននៅក្នុងរដ្ឋាភិបាលជុំវិញការគាំទ្ររបស់ខ្លួនចំពោះអ៊ីស្រាអែល ខណៈទីក្រុងវ៉ាស៊ីនតោន ក៏បានប្រឹងប្រែងជំរុញឱ្យមានការការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា ហើយបានអំពាវនាវឱ្យអ៊ីស្រាអែល កែលម្អលទ្ធភាពទទួលបានជំនួយ ប៉ុន្តែស្ថានភាពមនុស្សធម៌ហ្កាហ្សា ហាក់មិនប្រសើរឡើងនោះទេ៕