អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក វ៉េដានត៍ ផាថែល (Vedant Patel) បាននិយាយថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) និងប្រធានបុគ្គលិកអ៊ុយក្រែន គឺលោក អាន់ឌ្រី យើម៉ាក (Andriy Yermak) កាលពីថ្ងៃអង្គារ (០២ កក្កដា) បានពិភាក្សាគ្នាអំពីចេតនារបស់បណ្ដាសមាជិកអង្គការណាតូ (NATO) ក្នុងការនាំអ៊ុយក្រែន ឱ្យខិតកាន់តែចូលជិតសមាជិកភាពសម្ព័ន្ធយោធាមួយនេះ។

កិច្ចប្រជុំរបស់ប្រមុខមន្រ្តីទាំងពីររូបនៅទីក្រុងវ៉ាស៊ីនតោន បានកើតឡើងមុនពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅសប្តាហ៍ក្រោយ ដែលអ៊ុយក្រែន សង្ឃឹមថានឹងទទួលបានការធានាបន្ថែមទៀតពីសម្ព័ន្ធយោធាលើសំណើសមាជិកភាពរបស់ខ្លួន។ លោក ប្លីងខិន និយាយថាអ៊ុយក្រែន នឹងក្លាយជាសមាជិកណាតូ ហើយថាកិច្ចប្រជុំកំពូលនឹង «ជួយសាងសង់ស្ពាន» សម្រាប់លទ្ធផលនោះ។
លោក ផាថែល បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា «លោក ប្លីងខិន និងលោក យើម៉ាក បាននិយាយអំពីបញ្ហាមួយចំនួន រួមទាំងកិច្ចប្រជុំកំពូលណាតូ នៅទីក្រុងវ៉ាស៊ីនតោន នាពេលខាងមុខ និងបំណងរបស់សម្ព័ន្ធមិត្តក្នុងការនាំអ៊ុយក្រែន ឱ្យកាន់តែជិតសមាជិកភាពណាតូ និងជួយពង្រឹងសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការការពារប្រឆាំងនឹងសង្រ្គាមរបស់រុស្ស៊ី»។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីរយៈពេល ១០ កាលពីខែមុន នៅក្នុងអ្វីដែលលោក ហ៊្សេឡិនស្គី បានហៅថាជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ ដោយនិយាយថានោះជាស្ពានឆ្ពោះទៅកាន់សមាជិកភាពណាតូ នៅទីបំផុតរបស់ប្រទេសលោក។ លោក ហ៊្សេឡិនស្គី បានស្វះស្វែងរកសមាជិកភាពរបស់អង្គការណាតូជាយូរមកហើយ ប៉ុន្តែសម្ព័ន្ធមិត្តបានស្ទាក់ស្ទើក្នុងការទទួលយកជំហាននោះ៕