ឆ្មាំល្បាតឆ្នេរកោះតៃវ៉ាន់ បាននិយាយកាលពីយប់ថ្ងៃអង្គារ ថា ក្រុមមន្ត្រីចិន បានឡើងជិះ ហើយក្រោយមក បានរឹបអូសយកទូកនេសាទរបស់កោះតៃវ៉ាន់មួយគ្រឿង ដែលកំពុងធ្វើប្រតិបត្តិការនៅក្បែរឆ្នេរសមុទ្ររបស់ប្រទេសចិន នៅជិតកោះដែលគ្រប់គ្រងដោយកោះតៃវ៉ាន់ ហើយបាននាំយកទូកទៅកាន់កំពង់ផែរបស់ប្រទេសចិន។

ប្រទេសចិន បានចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ ថាជាទឹកដីរបស់ខ្លួន ហើយបានបង្កើនសម្ពាធលើទីក្រុងតៃប៉ិ ចាប់តាំងពីមេដឹកនាំកោះ លោក ឡៃ ឈីងតឺ(Lai Ching-te) ចូលកាន់តំណែង កាលពីខែឧសភា ជាមនុស្សម្នាក់ដែលទីក្រុងប៉េកាំង បានចោទប្រកាន់ថាជា «ជនផ្តាច់ខ្លួន»។

ឆ្មាំល្បាតឆ្នេរកោះតៃវ៉ាន់ បាននិយាយថា ទូកនេសាទនេះ កំពុងធ្វើប្រតិបត្តិការនៅជិតប្រជុំកោះ Kinmen គ្រប់គ្រងដោយកោះតៃវ៉ាន់ កាលពីយប់ថ្ងៃអង្គារ នៅពេលនោះទូករដ្ឋបាលដែនសមុទ្ររបស់ចិនចំនួនពីរគ្រឿង បានចូលមករឹបអូស។
ឆ្មាំល្បាតឆ្នេរតៃវ៉ាន់ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កោះតៃវ៉ាន់បានបញ្ជូននាវាឆ្មាំល្បាតឆ្នេររបស់ខ្លួន ដើម្បីជួយ និងប្រកាសការព្រមាន ដោយសុំឱ្យប្រទេសចិនដោះលែងទូកនេសាទនោះមកវិញ ប៉ុន្តែនាវារបស់ចិន បានប្រកាសត្រឡប់មកវិញថាកុំជ្រៀតជ្រែក។
នាវារបស់កោះតៃវ៉ាន់ បន្ទាប់មកបានដកថយដើម្បីបញ្ចៀសជម្លោះ ហើយទូកនេសាទកោះតៃវ៉ាន់ ត្រូវបានគេនាំយកទៅកាន់កំពង់ផែប្រទេសចិន។