ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃអង្គារ បានទទួលស្គាល់ការអនុវត្តន៍របស់លោក ក្នុងអំឡុងការជជែកដេញដោលតំណែងប្រធានាធិបតីកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ថាពុំបានធ្វើឲ្យល្អបំផុតឡើយ ប៉ុន្តែបានស្តីបន្ទោសចំពោះភាពយឺតយ៉ាវយន្តហោះបន្ទាប់ពីការធ្វើដំណើរទៅក្រៅប្រទេសចំនួនពីរប្រទេស កាលពីដើមខែមិថុនា។

លោក Biden បានប្រឈមមុខទៅនឹងសំណួរជាច្រើន អំពីបំណងក្នុងការបោះឆ្នោតឡើងវិញនៅឆ្នាំ២០២៤ របស់លោក បន្ទាប់ពីការអនុវត្តន៍ការជជែកដេញដោលមិនបានរលូនកាលពីសប្តាហ៍មុន ដោយសមាជិកសភាម្នាក់របស់គណបក្សប្រជាធិបតេយ្យ បានអំពាវនាវជាសាធារណៈឱ្យលោកដកខ្លួនចេញពីការប្រកួតប្រជែង។

ថ្លែងនៅក្នុងព្រឹត្តិការណ៍យុទ្ធនាការមួយ នៅរដ្ឋ Virginia កាលពីល្ងាចថ្ងៃអង្គារ លោក Biden បានទទួលស្គាល់ថា ការជជែកដេញដោលធ្វើឡើងពុំបានល្អ ជាមួយអតីតប្រធានាធិបតី លោក Donald Trump ដែលជាគូប្រជែងរបស់លោកមកពីគណបក្សសាធារណរដ្ឋ ។
លោក Biden និយាយនៅក្នុងកម្មវិធីរៃអង្គាសប្រាក់សម្រាប់យុទ្ធនាការថា លោកបានសម្រេចចិត្តធ្វើដំណើរជុំវិញពិភពលោក២លើក មុនពេល ការជជែកដេញដោល។
លោកនិយាយថា លោកស្ទើរតែដេកលក់នៅលើវេទិកា ជជែកដេញដោល។ នេះមិនមែនជាលេសអ្វីទេ ប៉ុន្តែវាជាការពន្យល់។ លោក Biden បានធ្វើដំណើរទៅកាន់ប្រទេសបារាំង និងអ៊ីតាលី ក្នុងអំឡុងពេលនោះបានធ្វើដំណើរពីរលើក ដាច់ដោយឡែកពីគ្នា ក្នុងចន្លោះពីរសប្តាហ៍កាលពីខែមុន ហើយត្រូវជិះយន្តហោះ មកពីកិច្ចប្រជុំកំពូលក្រុមប្រទេសG7 នៅទីក្រុង Bari ប្រទេសអ៊ីតាលី ដើម្បីបង្ហាញខ្លួននៅក្នុងកម្មវិធីរៃអង្គាសប្រាក់ ជាមួយអតីតប្រធានាធិបតី លោកបារ៉ាក់អូបាម៉ា នៅទីក្រុងឡូសអេនជឺឡេស នៅថ្ងៃទី១៥ ខែមិថុនា មុនពេលត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ នៅថ្ងៃបន្ទាប់។