មន្ត្រីមកពីរដ្ឋចំនួនពីរបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ភ្លៀងធ្លាក់ខ្លាំងបានបន្តបង្កជាទឹកជំនន់ និងបំណាក់ដីនៅភាគខាងជើង និងភាគឦសានរបស់ប្រទេសឥណ្ឌា ដោយបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១១ នាក់ និងប៉ះពាល់ដល់មនុស្សរាប់សែននាក់ ។

ព្រឹត្តិបត្រផ្លូវការមួយបាននិយាយថា នៅក្នុងរដ្ឋ ឧតា ប្រទេស (Uttar Pradesh) មានប្រជាជនច្រើនជាងគេបំផុតរបស់ប្រទេសឥណ្ឌា ដែលរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំង ដោយបណ្ដាលឲ្យមនុស្ស៩នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុទាក់ទងនឹងទឹកភ្លៀងក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ។

សេចក្តីថ្លែងការណ៍ពីមន្ទីរគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋបាននិយាយថា មនុស្សពីរនាក់បានស្លាប់កាលពីថ្ងៃចន្ទនៅក្នុងរដ្ឋអាសាម(Assam) ភាគឦសានដែលត្រូវបានវាយប្រហារដោយរលកទីពីរនៃទឹកជំនន់ចាប់តាំងពីថ្ងៃទី ១៦ ខែមិថុនា ប៉ះពាល់ដល់មនុស្សជាង៦០ម៉ឺននាក់ នៅក្នុងស្រុកចំនួន១៩ និងមនុស្សជាង ៨ពាន់នាក់ត្រូវជម្លៀសចេញពីលំនៅឋាន។
ចំណែកនៅក្នុងទីក្រុង ជីតាហ្គុង (Chittagong)របស់ប្រទេសបង់ក្លាដែសវិញ ក្រុមអាជ្ញាធរបានប្រើឧបករណ៍បំពងសំឡេងនៅក្នុងតំបន់ភាគអាគ្នេយ៍នៃទីក្រុងនេះ ដើម្បីជូនដំណឹងដល់អ្នកស្រុកអំពីហានិភ័យខ្ពស់នៃគ្រោះបំណាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង និងផ្តល់ជំនួយក្នុងការជម្លៀសចេញពីផ្ទះសម្បែងនានា៕