នគរបាលកុបកម្មបានបាញ់គ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែក និងរុញច្រានជាមួយក្រុមបាតុករ ដែលតវ៉ាដោយគប់ដុំថ្មនៅកណ្តាលទីក្រុងណៃរ៉ូប៊ី និងទូទាំងប្រទេសកេនយ៉ា ទាមទារឱ្យប្រធានាធិបតីលាលែងពីតំណែង កាលពីថ្ងៃអង្គារ (០២ កក្កដា) នៅក្នុងភាពចលាចលដែលរីករាលដាលបំផុត ចាប់តាំងពីបាតុករយ៉ាងតិច ២៤ នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លាកាលពីមួយសប្តាហ៍មុន។

បាតុកម្មទូទាំងប្រទេសនេះជាសញ្ញាបង្ហាញថា លោកប្រធានាធិបតី វីលៀម រូតូ (William Ruto) បានបរាជ័យក្នុងការកាត់បន្ថយភាពតានតឹងដល់ចលនាតវ៉ារបស់យុវជន បើទោះបីជាបានបោះបង់ចោលផែនការដំឡើងពន្ធ ដែលបង្កឱ្យមានភាពចលាចលនេះកាលពីសប្តាហ៍មុនក៏ដោយ។

បាតុកម្មកាលពីថ្ងៃអង្គារ បានចាប់ផ្តើមក្នុងអារម្មណ៍សន្តិភាព ប៉ុន្តែបានប្រែទៅជាហិង្សា ខណៈពេលវេលាចេះតែរំកិលទៅមុខ។ នៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាលក្រុងណៃរ៉ូប៊ី នគរបាលពាក់មួកសុវត្ថិភាព និងកាន់ខែលការពារ និងដំបងឈើ បានរុញច្រានលើលើក្រុមអ្នកតវ៉ា ហើយគ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែកត្រូវបានបំផ្ទុះនៅកណ្ដាលហ្វូងបាតុករ។
សមាជិកនៃចលនាតវ៉ាដែលមិនមានមេដឹកនាំផ្លូវការ និងរៀបចំភាគច្រើនតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ បានបដិសេធការអំពាវនាវរបស់លោក រូតូ សម្រាប់ការសន្ទនា សូម្បីតែបន្ទាប់ពីលោកបានបោះបង់ចោលសំណើដំឡើងពន្ធក៏ដោយ។

ក្រុមសកម្មជនបានស្តីបន្ទោសអំពើហិង្សាកាលពីថ្ងៃអង្គារ លើជនបង្កប់ខ្លួនបង្កចលាចលក្នុងការតវ៉ា ដែលពួកគេបាននិយាយថាត្រូវបានបញ្ចេញដោយរដ្ឋាភិបាលដើម្បីបង្ខូចកេរ្តិ៍ឈ្មោះចលនារបស់ពួកគេ ហើយបាននិយាយថាឥឡូវនេះវាដល់ពេលហើយដែលការតវ៉ាត្រូវរីករាលដាលបន្ថែមទៀត៕