បុរសអ្នកលក់បន្លែម្នាក់បានតខ្សែភ្លើងការពាររ៉ឺម៉កលក់បន្លែរបស់ខ្លួនបណ្ដាលឲ្យឆក់ក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ត្រូវបានមកសារភាពទោស ជាមួយកម្លាំងនគរបាល ដើម្បីទទួលទោសតាមផ្លូវច្បាប់។
បុរសអ្នកលក់បន្លែម្នាក់បានតខ្សែភ្លើងការពាររ៉ឺម៉កលក់បន្លែរបស់ខ្លួនមិនឲ្យមានសត្វកណ្ដុរឡើងមកស៉ីបន្លែនៅក្នុងរ៉ឺម៉កបណ្ដាលឲ្យឆក់ក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង រួចយកសពក្មេងប្រុសទៅផ្លុងចោល នៅឯស្ពានព្រែកក្ដាម បានចេញបានមកទទួលទោសកំហុស ជាមួយកម្លាំងនគរបាលដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ផងដែរក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដឹកនាំសហការជាមួយនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ និងអង្គការការពារកុមារ(CPU) នាំជនសង្ស័យទៅដល់ទីតាំងដែលយកសពក្មេងប្រុសទៅផ្លុងចោល។
ជនសង្ស័យមានឈ្មោះ អ៊ាត ចាន់ធឿន ហៅតាយក្ស ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកក្មេងប្រុសរងគ្រោះឈ្មោះ សន វណ្ណា អាយុ១៣ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោមមខណ្ឌពោធិ៍សែនជយ័។
តាមចម្លើយសារភាព របស់ជនសង្ស័យបានឲ្យដឹងថា គាត់បង្កៃខ្សែរភ្លើងនេះគឺដើម្បីបង្ការមិនឲ្យសត្វកណ្ដុរឡើងមកស៉ី បន្លែដែលលក់នៅសល់ក្នុងរ៉ឺម៉ក មិនមានបំណងបង្កៃសម្លាប់មនុស្សនោះទេ។ ការបង្កៃនេះបានដាក់រយះពេល ៥ថ្ងៃមកហើយ ស្រាប់តែថ្ងៃកើតហេតុ ម៉ោងប្រមាណជាង៤ទៀបភ្លឺ បានឡើងមកបើករ៉ឺម៉ក ស្រាប់តែឃើញមានក្មេងប្រុសម្នាក់ដេកស្លាប់ក្បែររ៉ឺម៉ករបស់ខ្លួន។ ភ្លាមៗនោះមានការភ័យស្លន់ស្លោ មិនដឹងថាត្រូវធ្វើដូចម្ដេច ក៏បានលើកសពក្មេងប្រុសដាក់លើរ៉ឺម៉ក យកទៅផ្លុងចោលតែម្ដង។ រួចបានយករ៉ឺម៉កនោះទៅលក់ ហើយក៏គេចខ្លួនទៅខេត្តនៅផ្ទះបងប្អូននៅខេត្តព្រះវិហារ។ បន្ទាប់អ្នកផ្ទះបានទំនាក់ទំនងទៅសុំឲ្យមកសារភាព ក៏សម្រេចមកសារភាពតែម្ដងនៅថ្ងៃនេះ។
គួរបញ្ជាក់ផងដែរ កាលពី កាលពីវេលាម៉ោងជាង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោមមខណ្ឌពោធិ៍សែនជ័យ ភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យទីតាំងកើតហេតុ ដោយអ្នកភូមិបានបាត់កូនប្រុសរបស់គាត់ ក្រោយពីឆែកកាមេរ៉ាឃើញសកម្មភាពកូនប្រុសគាត់ចេញមកនោមនៅម៉ោងប្រហែលជាង១២យប់ ហើយពេលឈរនោមនោះបានតោង ម៉ូតូរ៉ឺម៉កកង់បីដឹកបន្លែ១គ្រឿងហើយក៏បានដួលលើដីស្លាប់។ រហូតដល់វេលាម៉ោងប្រហែលជាង៤ភ្លឺបានឃើញម្ចាស់កង់បី បានអូសសពកូនប្រុសគាត់យកទៅលាក់ទុកក្បែរបង្គោលភ្លើង ។ បន្ទាប់មកទៀតយកទៅទុកក្រោយផ្ទះ រួចលើកសពដាក់ម៉ូតូកង់បីបើកម៉ូតូកង់បីបើកចេញគេចខ្លួនទៅបាត់រហូត៕ អត្ថបទ៖ កុម្ភះ


