ប្រមុខយោធាអ៊ីស្រាអែល លោក Herzi Halevi បាននិយាយកាលពីថ្ងៃអង្គារថា អ៊ីស្រាអែល បានសម្លាប់ក្រុមសកម្មប្រយុទ្ធប្រមាណ ៩០០នាក់ នៅក្នុងទីក្រុងរ៉ាហ្វា ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុកជើងគោករបស់អ៊ីស្រាអែល លើទីក្រុងភាគខាងត្បូងបំផុត ក្នុងតំបន់ហ្កាហ្សា កាលពីដើមខែឧសភា។

លោក Halevi បាននិយាយនៅពេលចុះទៅពិនិត្យទីតាំងដឹកជញ្ជូនយោធា នៅតំបន់ហ្កាហ្សាស្ទ្រីបថា អ្នកស្លាប់ និងរបួសរួមមាន«យ៉ាងហោចណាស់មេបញ្ជាការកងវរសេនាតូចម្នាក់ មេបញ្ជាការកងអនុសេនាធំ និងភ្នាក់ងារសម្ងាត់ជាច្រើននាក់។ នេះបើទៅតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF)។

លោក Halevi បានបញ្ជាក់ថា ការវាយលុកនៅទីក្រុងរ៉ាហ្វា ត្រូវបានគេរំពឹងថា នឹងបញ្ចប់ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។
លោកបានបន្ថែមថា៖«ឥឡូវនេះ កិច្ចខិតខំប្រឹងប្រែងផ្តោតលើការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្រោមដី ហើយវាត្រូវការពេលវេលា» ដោយបានកត់សម្គាល់ថា៖«យុទ្ធនាការមានរយៈពេលយូរ ដោយសារយើងមិនចង់ទុកហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមសកម្មប្រយុទ្ធ នៅក្នុងទីក្រុងរ៉ាហ្វា ឲ្យនៅតទៅទៀតទេ»។
មុនពេលចាប់ផ្តើមការវាយលុកជើងគោក ទីក្រុងរ៉ាហ្វា គឺជាទីតាំងមួយក្នុងចំណោមទីតាំងមួយចំនួន ដែលជនស៊ីវិល ស្វែងរកការជ្រកកោនពីការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល នៅទូទាំងដែនដីប៉ាឡេស្ទីន។