មន្ត្រីសេតវិមានម្នាក់បាននិយាយកាលពីថ្ងៃអង្គារ (០២ កក្កដា) ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ត្រូវបានគេរំពឹងថានឹងជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន នៅចុងខែកក្កដានេះ នៅពេលដែលមេដឹកនាំអ៊ីស្រាអែល ធ្វើទស្សនកិច្ចដើម្បីថ្លែងសុន្ទរកថាទៅកាន់សភាសហរដ្ឋអាមេរិក អំពីសង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា។

លោក ណេតាន់យ៉ាហ៊ូ នឹងថ្លែងសុន្ទរកថានៅសភាអាមេរិកនៅថ្ងៃទី២៤ ខែកក្កដា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅក្រុងវ៉ាស៊ីនតោន ទៅកាន់សម័យប្រជុំរួមនៃសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា។ ការរំពឹងទុកនៃកិច្ចប្រជុំរវាងលោក បៃដិន និងលោក ណេតាន់យ៉ាហ៊ូ ត្រូវបានរាយការណ៍ជាលើកដំបូងដោយសារព័ត៌មាន CNN ដែលបានបន្ថែមថាព័ត៌មានលម្អិតនៃកិច្ចប្រជុំដែលរំពឹងទុកនៅសេតវិមាននោះ មិនទាន់បញ្ចប់នៅឡើយទេ។
សហរដ្ឋអាមេរិក បានរក្សាការគាំទ្រដ៏រឹងមាំរបស់ខ្លួនសម្រាប់អ៊ីស្រាអែលទាំងផ្នែកការទូត និងក្នុងការផ្តល់សព្វាវុធ ស្របពេលមានសង្រ្គាមនៅហ្កាហ្សា ប៉ុន្តែមានពេលខ្លះលោក បៃដិន បានសម្តែងការព្រួយបារម្ភអំពីការប្រព្រឹត្តយោធារបស់អ៊ីស្រាអែល ក្នុងសង្រ្គាមដ៏បង្ហូរឈាមនោះ។

គណបក្សសាធារណរដ្ឋបានរិះគន់លោក បៃដិន ដែលជាសមាជិកគណបក្សប្រជាធិបតេយ្យចំពោះកង្វល់ទាំងនោះ ហើយបានជំរុញឱ្យមានការគាំទ្របន្ថែមទៀតសម្រាប់អ៊ីស្រាអែល។ មានការរិះគន់អន្តរជាតិកាន់តែខ្លាំងលើការប្រព្រឹត្តរបស់អ៊ីស្រាអែល និងការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងសង្គ្រាមដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់មកទល់ពេលនេះ និងបង្កើតវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ៕