អ៊ុយក្រែន៖ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បាននិយាយថា ទណ្ឌកម្មបន្ថែមទៀតអាចនឹងត្រូវដាក់លើរុស្ស៊ី ប្រសិនបើប្រទេសនេះប្រើបំពង់បង្ហូរឧស្ម័នដ៏ចម្រូងចម្រាសប្រឆាំងនឹងអ៊ុយក្រែន។

ក្នុងដំណើរទស្សនកិច្ចចុងក្រោយរបស់លោកស្រីទៅកាន់ទីក្រុង Kyiv មុនពេលចាកចេញពីតំណែងលោកស្រី Merkel បានប្រាប់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ថា លោកស្រីយល់ពីកង្វល់របស់លោកចំពោះគម្រោងបំពង់បង្ហូរឧស្ម័ន Nord Stream 2។ លោក Zelensky ជំទាស់នឹងគម្រោងបំពង់បង្ហូរប្រេង ដែលលោកនិយាយថាគំរាមកំហែងដល់សន្តិសុខរបស់អ៊ុយក្រែន។ បំពង់បង្ហូរឧស្ម័ននេះនឹងរត់នៅក្រោមសមុទ្របាល់ទិក និងបង្កើនការនាំចេញឧស្ម័នរបស់រុស្ស៊ីទ្វេដងទៅកាន់ប្រទេសអាល្លឺម៉ង់។ អ៊ុយក្រែនបារម្ភថាបំពង់បង្ហូរឧស្ម័ន Nord Stream 2 ដែលដឹកនាំដោយរុស្ស៊ីនឹងរឹតបន្តឹងការក្ដោបក្ដាប់យ៉ាងណែនរបស់ទីក្រុងមូស្គូ លើការផ្គត់ផ្គង់ថាមពលក្នុងតំបន់ និងពង្រឹងឥទ្ធិពលរបស់ខ្លួន។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយកាលពីថ្ងៃអាទិត្យ លោក Zelensky បានហៅគម្រោងនេះថា ជាអាវុធភូមិសាស្ត្រនយោបាយរបស់វិមានក្រឹមឡាំង ដែលលោកបាននិយាយថា វានឹងបង្កគ្រោះថ្នាក់ដល់អឺរ៉ុបទាំងអស់។ គួររម្លឹកថា លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បានធ្វើដំណើរទៅទីក្រុងមូស្គូកាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាបញ្ហានានាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ ដំណើរទស្សនកិច្ចនេះកើតឡើង ក្នុងកំឡុងពេលដែលមានទំនាក់ទំនងធ្លាក់ចុះស្ទើរដល់បាតរវាងប្រទេសទាំង២ ដែលនៅតែបន្តទទួលរងនូវភាពតានតឹងជាបន្តបន្ទាប់ ជុំវិញការប្រព្រឹត្តរបស់ទីក្រុងមូស្គូចំពោះអ្នកនយោបាយប្រឆាំងគឺលោក Alexei Navalny និងការបំពារបំពានរបស់ទីក្រុងក្រឹមឡាំងចំពោះប្រទេសអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន