ការិយាល័យរដ្ឋអាជ្ញា បាននិយាយកាលពីថ្ងៃអង្គារថា ជនសង្ស័យជាជនស៊ីវិល និងយោធាជាង៣០ នាក់ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតសម្រាប់ការចូលរួមដែលត្រូវបានចោទប្រកាន់ក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលបរាជ័យ ប្រឆាំងប្រធានាធិបតីប្រទេសបូលីវី លោក លូអ៊ីស អាស(Luis Arce) កាលពីថ្ងៃទី២៦ ខែមិថុនា។

រដ្ឋអាជ្ញា លោក Franklin Alborta បាននិយាយទៅកាន់អ្នកសារព័ត៌មានថា យើងត្រូវតែបញ្ជាក់ច្បាស់ថា ជាទូទៅ វាគឺជាករណីដ៏ស្មុគស្មាញមួយ ហើយជាបឋម យើងកំពុងរាយការណ៍ថា មនុស្សជាង៣០នាក់ កំពុងស្ថិតក្រោមការស៊ើបអង្កេតជាផ្លូវការរួចហើយ។

ជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យដែលត្រូវបានចាប់ខ្លួននាពេលថ្មីៗនេះ គឺលោក វ្លាឌីមៀ លូប៉ា សាឡាម៉ានកា(Vladimir Lupa Salamanca) មេបញ្ជាការ F10 ដែលជាក្រុមដឹកនាំកងកម្លាំងប្រដាប់អាវុធ។ លោកត្រូវបានកំណត់ពេលឲ្យផ្តល់សក្ខីកម្មដល់រដ្ឋអាជ្ញានៅក្នុងទីក្រុង La Paz។

ក្នុងចំណោមជនជាប់ចោទសំខាន់ៗ ក៏មានអតីតមេបញ្ជាការកងទ័ព និងមេដឹកនាំរដ្ឋប្រហារ ឧត្តមសេនីយ៍ ជូអាន ចូសេ ហ្ស៊ូនីហ្កា(uan Jose Zuniga) អតីតមេបញ្ជាការកងទ័ពជើងទឹក លោក ជូអាន អានណេស(Juan Arnez) និងអតីតមេបញ្ជាការកងទ័ពអាកាស លោក ម៉ាសេឡូ ហ្សេហ្ការ៉ា(Marcelo Zegarra)។