កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអោយលោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ចុះពិនិត្យស្ថានភាពរស់នៅ សួរសុខទុក្ខប្រជាពលរដ្ឋ១២គ្រួសារ ដែលបានរងគ្រោះដោយសារដីបាក់ស្រុត នាំអោយខូចខាតផ្ទះ នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ក្នុងការចុះជួបប្រជាពលរដ្ឋរងគ្រោះនេះ ក៏មានលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានចូលរួមផងដែរ។
លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ចខេត្តតំណាងខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំងអស់តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខសាន្តក្នុងសង្គម ប្រកបដោយសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្លាប់យ៉ាងល្អប្រសើរ ហើយស្ថានភាពនេះបាននិងកំពុងបង្កឱកាស ភាពកក់ក្តៅដល់ប្រជាជនកម្ពុជាគ្រប់រូបក្នុងការប្រកបការងារដើម្បីបង្កើនជីវភាព ដែលជាឱកាសក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចលើគ្រប់វិស័យឱ្យមានការរីកចម្រើនបានយ៉ាងឆាប់រហ័ស បន្ថែមទៀត។
ជួសមុខអោយឯកឧត្តមរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច លោក ឈាង ចន្ធី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យរស់នៅប្រកបដោយអនាម័យខ្ពស់ ពិសេសត្រូវបង្កាខ្លួនជៀសវាសជំងឺឆ្លងរាតត្បាតផ្សេងៗ និងត្រៀមលក្ខណៈក្នុងការសាងសង់ផ្ទះសម្បែងឡើងវិញ ក្រោយពេលខូចខាតដោយគ្រោះស្រុតដីចុះកាលពីប៉ុន្មានថ្ងៃមុននេះ ដើម្បីមានកន្លែងរស់នៅសមរម្យឡើងវិញ។ ជាពិសេស មើលថែរក្សាសមាជិកគ្រួសារ ជាក្មេងៗ និងមនុស្សចាស់ ដោយត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវប្រុងប្រយ័ត្នចំពោះសត្វមូស ដែលអាចបង្កគ្រោះថ្នាក់ជាជម្ងឺគ្រុនឈាមបាន៕ កាំង ហុងវាស្នា







