
នគរបាលអ៊ីស្រាអែល បានប៉ះទង្គិចជាមួយអ្នកតាំងលំនៅជនជាតិជ្វីហ្វនៅតំបន់កាន់កាប់ West Bank ខណៈពួកគេបានចុះរុះរើទីតាំង តាំងលំនៅខុសច្បាប់នៅប៉ុស្តិ៍ជួរមុខមួយកន្លែង នៅព្រឹកថ្ងៃពុធនេះ។
វីដេអូ បានបង្ហាញពីរថយន្តជីកគាស់កាយរបស់នគរបាល កំពុងបំផ្លាញសំណង់បណ្តោះអាសន្ននៅប៉ុស្តិ៍ជួរមុខ។ វីដេអូ ក៏បានបង្ហាញពីអ្នកតាំងលំនៅ បានអង្គុយកាត់ផ្លូវតូចមួយ ដើម្បីរារាំងដំណើរការរបស់នគរបាល ប៉ុន្តែក្រុមមន្រ្តី បានទាញពួកគេចេញពីផ្លូវ។ ពុំមានការអត្ថាធិប្បាយភ្លាមៗពីអាជ្ញាធរអ៊ីស្រាអែលនៅឡើយ អំពីប្រតិបត្តិការ ដែលបានកើតឡើងនៅទីតាំងនោះ។
អ៊ីស្រាអែល កំពុងស្ថិតនៅក្រោមសម្ពាធពីអន្តរជាតិ ដើម្បីទប់ស្កាត់ការពង្រីកការតាំងលំនៅ នៅតំបន់ West Bank ដែលពលរដ្ឋប៉ាឡេស្ទីន ចង់បានជាចំណុចសំខាន់នៃរដ្ឋឯករាជ្យ នាពេលអនាគតរួមជាមួយតំបន់ហ្កាហ្សា។
ប៉ុស្តិ៍ជួរមុខ នៅក្នុងតំបន់ជនបទមួយកន្លែង មានភាពខុសច្បាប់ក្រោមច្បាប់របស់អ៊ីស្រាអែល និងច្បាប់អន្តរជាតិ។ កន្លងមក នគរបាលអ៊ីស្រាអែល បានចាត់វិធានការប្រឆាំងសកម្មភាពតាំងលំនៅខុសច្បាប់មួយចំនួន នៅតំបន់ West Bank ប៉ុន្តែក្រុមពលរដ្ឋប៉ាឡេស្ទីន បាននិយាយថា ក្នុងករណីជាច្រើន នគរបាល ពុំបានអនុវត្តច្បាប់នោះទេ ជាពិសេសចាប់តាំងពីការចាប់ផ្តើមសង្រ្គាម នៅតំបន់ហ្កាហ្សា។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុដែលប្រកាន់តឹងរបស់អ៊ីស្រាអែល បាននិយាយថា រដ្ឋាភិបាលនឹងធ្វើឲ្យប្រសើរការតាំងទីលំនៅ នៅតំបន់West Bank និងមានវិធានការទណ្ឌកម្មប្រឆាំងអាជ្ញាធរប៉ាឡេស្ទីន ក្នុងការឆ្លើយតបទៅនឹងចំណាត់ការរបស់ប៉ាឡេស្ទីនប្រឆាំងអ៊ីស្រាអែល នៅលើឆាកអន្តរជាតិ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក បេហ្សាឡេល ស្មូទ្រីក(Bezalel Smotrich) ដែលបានដឹកនាំភាគី គាំទ្រអ្នកតាំងលំនៅ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលគាំទ្រសំណើរបស់លោក។ ប៉ុន្តែការិយាល័យរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ពុំបានធ្វើអត្ថាធិប្បាយនោះទេ។