
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានច្រានចោលគំនិតឲ្យមានការចាប់ផ្តើមបទឈប់បាញ់ នៅតំបន់ហ្កាហ្សា ខណៈដែលក្រុមហាម៉ាស នៅតែកាន់អំណាច បន្ទាប់ពីសារព័ត៌មាន New York Times បានចុះផ្សាយអត្ថបទមួយ ដោយដកស្រង់សម្តីមន្ត្រីសន្តិសុខទាំងបច្ចុប្បន្ន និងអតីតចំនួន ៦នាក់ ដែលបាននិយាយថា បទឈប់បាញ់នឹងនាំឲ្យកងទ័ពអ៊ីស្រាអែលមានពេលវេលា ដើម្បីរៀបចំសង្គ្រាមផ្លូវគោកដែលអាចកើតមានជាមួយក្រុមហេសបូឡាហ៍។
មន្ត្រីដែលភាគច្រើនបាននិយាយដោយអនាមិក ពាក់ព័ន្ធនឹង «ការពិភាក្សាអំពីបញ្ហាសន្តិសុខដ៏រសើប» ក៏បានប្រាប់ផងដែរថា ការមានបទឈប់បាញ់ នឹងជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ក្នុងការធានាបានដល់ការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល។
អតីតទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល លោក Eyal Hulata ដែលយោងតាមសារព័ត៌មាន New York Times បន្តការប្រាស្រ័យទាក់ទងជាទៀងទាត់ជាមួយ «មន្ត្រីយោធាជាន់ខ្ពស់» នោះ បាននិយាយជាសាធារណៈ ដោយលើកឡើងថា៖ «យោធាកំពុងគាំទ្រយ៉ាងពេញទំហឹង ក្នុងការមានកិច្ចព្រមព្រៀងដោះដូរចំណាប់ថ្នូរ និងបទឈប់បាញ់។ ពួកគេជឿថា ពួកគេអាចត្រឡប់មកវិញគ្រប់ពេល ហើយប្រយុទ្ធជាមួយក្រុមហាម៉ាស នៅថ្ងៃអនាគត»។
ប៉ុន្តែយ៉ាងណាក្ដី នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Netanyahu បាននិយាយថា៖ «ខ្ញុំមិនដឹងថាប្រភពអនាមិកទាំងនេះជានរណាទេ ប៉ុន្តែខ្ញុំនៅទីនេះ ដើម្បីបញ្ជាក់ឲ្យបានច្បាស់ថា វានឹងមិនកើតឡើងជាដាច់ខាត។ សង្រ្គាមនឹងបញ្ចប់នៅពេលដែលអ៊ីស្រាអែលសម្រេចបាននូវគោលបំណងទាំងអស់របស់ខ្លួន ក្នុងរួមទាំងការកម្ចាត់ក្រុមហាម៉ាស និងការធ្វើឲ្យចំណាប់ថ្នូររបស់យើងទាំងអស់មានសេរីភាព»។
គួរបញ្ជាក់ថា របាយការណ៍នេះត្រូវបានចេញផ្សាយ ខណៈដែលស្ថានការណ៍នៅភាគខាងជើងរបស់ប្រទេសអ៊ីស្រាអែល នៅតែមានភាពតានតឹងខ្លាំង ដោយយោធាអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធលីបង់ គឺក្រុមហេសបូឡាហ៍ បង្កើនការវាយប្រហារឆ្លងព្រំដែនដាក់គ្នាទៅវិញទៅមក ដែលជាហានិភ័យនៃការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ៕