
អាជ្ញាធរអ៊ីតាលី បាននិយាយថា ប្រទេសអ៊ីតាលី បានរឹបអូសយានដ្រូនយោធារបស់ចិន ដែលក្លែងធ្វើជា ទួរប៊ីនខ្យល់ ដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសលីប៊ី ដោយរំលោភលើការហាមឃាត់របស់អង្គការសហប្រជាជាតិ។
មន្ត្រីបាននិយាយថា សមាសធាតុផ្សំនៃយានដ្រូនទាំងពីរ ត្រូវបានលាក់ទុកនៅក្នុងកុងតឺន័រចំនួន ៦ដែលត្រូវបានបញ្ជូនតាមនាវាដឹកកុងតឺន័រចំនួនពីរ ពីប្រទេសចិនទៅកាន់កំពង់ផែ Gioia Tauro ក្នុងប្រទេសអ៊ី តាលី ជាកន្លែងដែលពួកគេត្រូវបានឃាត់ទុក មុនពេលពួកវា អាចត្រូវលើកដាក់លើនាវា ដែលធ្វើដំណើរទៅកាន់ប្រទេសលីប៊ី។
នគរបាលពន្ធដារ និងមន្ត្រីគយអ៊ីតាលី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖«សមាសធាតុទាំងនោះ ត្រូវបានលាក់ក្នុងចំណោមសម្ភារៈរបស់ម៉ាស៊ីនទួរប៊ីនខ្យល់ ដើម្បីលាក់បាំង និងចៀសវាងការត្រួត ពិនិត្យ»។ យានដ្រូនមួយគ្រឿង បានបង្ហាញពីពាក្យស្លោកថា «ពិភពសន្សំថាមពល» ដែលសរសេរ នៅពីចំហៀងរបស់វា។
ប្រភពជាច្រើន បានប្រាប់សារព័ត៌មាន Defence News ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា យានដ្រូនទាំងនេះ ត្រូវបានបញ្ជាទិញពីលោកឧត្តមសេនីយ៍ Khalifa Hifter ដែលជាបុរសខ្លាំងខាងយោធា គ្រប់គ្រងភាគខាងកើតប្រទេសលីប៊ី។
ប្រភពបានបន្ថែមថា សហរដ្ឋអាមេរិក បានប្រទះឃើញការដឹកជញ្ជូននេះ ហើយបានរាយការណ៍ប្រាប់អាជ្ញាធរអ៊ីតាលី។
ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិហាមឃាត់ការលក់សព្វាវុធទៅឲ្យប្រទេសលីប៊ី ដែលត្រូវបានរង្គោះរង្គើ ដោយជម្លោះស៊ីវិល ចាប់តាំងពីការដួលរលំនៃអតីតមេដឹកនាំ លោក Moammar Gadhafi ក្នុងឆ្នាំ ២០១១។