
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Cheong In-kyo បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូងសង្ឃឹមថា នឹងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសឥណ្ឌូនេស៊ី លើវិស័យជាច្រើន ចាប់ពីរថយន្តអគ្គិសនី (EVs) រហូតដល់ថាមពលស្អាត។
លោក Cheong បានធ្វើកាអត្ថាធិប្បាយក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងហ្សាការតា ជាកន្លែងដែលលោក បានចូលរួមក្នុងពិធីតាំងបង្ហាញការផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Hyundai Motor Co. ដែលបំពាក់ដោយអាគុយផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល។
លោក Cheong បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងសង្ឃឹមថា រថយន្តអគ្គិសនីដែល ផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី អាចដំណើរការនៅទូទាំងអាស៊ាន និងទីផ្សារពិភពលោក ហើយទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី នឹងពង្រីកទៅកាន់តំបន់ផ្សេងៗទៀតផងដែរ»។
រដ្ឋមន្ត្រីពាណិជ្ជកម្ម ក៏បានជួបជាមួយរដ្ឋមន្ត្រីវិនិយោគឥណ្ឌូនេស៊ី លោក Bahlil Lahadalia និងបានផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ។
លោក Cheong ជាពិសេស បានស្នើឲ្យប្រទេសឥណ្ឌូនេស៊ី គាំទ្រគម្រោងអាជីវកម្មរបស់កូរ៉េខាងត្បូង នៅក្នុងឧស្សាហកម្ម EV និងគីមីឥន្ធនៈ។
មន្ត្រីទាំងពីរ បានព្រមព្រៀងគ្នាក្នុងការស្វែងរកភាពជាដៃគូក្នុងវិស័យថាមពលស្អាត រួមទាំងប្រព័ន្ធចាប់យកកាបូន និងប្រព័ន្ធស្តុកទុក ថាមពលពន្លឺព្រះអាទិត្យ និងអព្យាក្រឹតភាពកាបូន។