
ឆ្មាំល្បាតឆ្នេរចិន បានឃាត់ទូកនេសាទរបស់កោះតៃវ៉ាន់ ១គ្រឿង នៅក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគអាគ្នេយ៍របស់ប្រទេសចិន កាលពីយប់ថ្ងៃអង្គារ (ទី២ ខែកក្កដា) ដោយនេះជាការផ្ទុះឡើងនូវភាពតានតឹងចុងក្រោយ នៅជុំវិញប្រជុំកោះជួរមុខដែលគ្រប់គ្រងដោយទីក្រុងតៃប៉ិ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ឆ្មាំល្បាតឆ្នេររបស់កោះតៃវ៉ាន់ បាននិយាយថា ទូកនេសាទ Tachinman 88 ត្រូវបានស្ទាក់ចាប់ដោយនាវាឆ្មាំល្បាតឆ្នេរចិន ២គ្រឿង នៅជិតកោះ Kinmen ដែលស្ថិតនៅចម្ងាយត្រឹមតែប៉ុន្មានម៉ាយល៍ពីទីក្រុង Xiamen និង Quanzhou របស់ចិន។ ហើយបើយោងតាមអាជ្ញាធរកោះតៃវ៉ាន់ បានឲ្យដឹងថា សមាជិកនៅលើទូកទាំង ៥នាក់ ក៏ត្រូវបានឃុំខ្លួនផងដែរ។
សេចក្តីថ្លែងការណ៍របស់កោះតៃវ៉ាន់ បានឲ្យដឹងថា មន្ត្រីឆ្មាំល្បាតឆ្នេរចិន បានឡើងលើទូកនេសាទ ហើយបន្ទាប់មកបាននាំទូកនោះទៅកាន់កំពង់ផែចិនដែលនៅក្បែរនោះ ដោយបន្ថែមថា នាវាឆ្មាំល្បាតឆ្នេរកោះតៃវ៉ាន់ចំនួន ៣គ្រឿង បានឆ្លើយតបការសុំជំនួយ ប៉ុន្តែបានដកថយវិញ ដើម្បីជៀសវាងកុំឲ្យប៉ះទង្គិចគ្នា នៅពេលដែលពួកគេមានចំនួនលើសសមភាគីចិន។
ចំណែកឆ្មាំល្បាតឆ្នេររបស់ចិន បានបញ្ជាក់ថា ខ្លួនបានឃាត់ទូកនេះ ដោយបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃពុធ (ទី៣ ខែកក្កដា) នេះថា អាជ្ញាធរខេត្ត Fujian របស់ខ្លួន «មានសិទ្ធិស្របច្បាប់ ក្នុងការឡើង ត្រួតពិនិត្យ និងឃាត់ខ្លួនទូកនេសាទរបស់កោះតៃវ៉ាន់ដែលសង្ស័យថា បាននេសាទខុសច្បាប់ នៅក្នុងដែនទឹកសមុទ្រក្បែរទីក្រុង Quanzhou»។
អ្នកនាំពាក្យរបស់ឆ្មាំល្បាតឆ្នេរចិន លោក Liu Dejun បានចោទប្រកាន់ទូករបស់កោះតៃវ៉ាន់នោះថា បានបំពានលើការហាមឲ្យផ្អាកនេសាទ នៅរដូវក្តៅ ដោយអូសអួន នៅតំបន់ហាមឃាត់ និងប្រើប្រាស់សំណាញ់ដែលមានក្រឡាតូចជាងការតម្រូវក្រឡាតូចបំផុតថ្នាក់ជាតិរបស់ប្រទេសចិន ដោយការធ្វើបែបនោះ «បំផ្លាញធនធានជលផលសមុទ្រ និងបរិស្ថានអេកូឡូស៊ី»៕