
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចុះទៅពិនិត្យរោងចក្រផលិតគ្រាប់រំសេវ និងគ្រឿងចក្រធំៗ ដោយអំពាវនាវឲ្យមានការខិតខំប្រឹងប្រែង ដើម្បីពង្រីកផលិតកម្ម នៅក្នុងវិស័យសេដ្ឋកិច្ចទាំងមូល។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃពុធនេះ។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍ថា ការត្រួតពិនិត្យនេះ បានធ្វើឡើង កាលពីថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើង បានបញ្ចប់កិច្ចប្រជុំពេញអង្គរយៈពេល៤ថ្ងៃ នៃគណៈកម្មាធិការមជ្ឈិមទី៨ នៃគណបក្សពលករកូរ៉េ។
ដោយត្រូវបានអមដំណើរដោយមន្ត្រីបក្ស លោក គីម ជុងអ៊ុន បានទៅទស្សនកិច្ចសហគ្រាសឧស្សាហកម្មការពារជាតិ ដែលកូរ៉េខាងជើង បាននិយាយថា ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពការពាររបស់ប្រទេសនេះ។
សារព័ត៌មាន KCNA បាននិយាយថា លោក បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់មន្ត្រីគណបក្សឲ្យ«សិក្សាឲ្យបានហ្មត់ចត់ និងរៀបចំខ្លួនឯង ដើម្បីគ្រប់គ្រងនិងណែនាំឲ្យបានត្រឹមត្រូវនូវទំនើបកម្មនៃច្រវ៉ាក់ផលិតកម្មនៅគ្រប់អង្គភាព ក្នុងវិស័យសេដ្ឋកិច្ច»។