
សារព័ត៌មានរដ្ឋ រាយការណ៍នៅថ្ងៃពុធនេះថា ក្រុមជួយសង្រ្គោះ បានជម្លៀសអ្នកស្រុកនៅតាមទីក្រុងរងផលប៉ះពាល់ដោយសារទឹកជំនន់នៅទូទាំងតំបន់ភាគខាងត្បូងប្រទេសចិន ក្រោយទឹកជំនន់ជាប់ជាប្រវត្តិសាស្រ្ត បានវាយប្រហារខេត្ត Hunan ខណៈជន់លិចផងដែរទីក្រុងជាច្រើននៅខេត្ត Hubei និងខេត្ត Jiangxi ។
រូបភាពវីដេអូឃ្លីបចេញផ្សាយដោយទូរទស្សន៍រដ្ឋ CCTV ឃើញក្រុមការងារជួយសង្រ្គោះ នាំគ្នាបោសសម្អាតភក់ និងកម្ទេចកម្ទីចេញពីលើផ្លូវនៅស្រុក Pingjiang ខេត្ត Hunan ។
ស្រុក Pingjiang នៅជាប់ទន្លេ Miluo បានរងការជន់លិចខ្លាំងបំផុតជាប់កំណត់ត្រា ក្រោយកម្រិតទឹកឡើងកម្ពស់ជាង ៧ម៉ែត្រពីលើកម្រិតប្រកាសអាសន្ន កាលពីថ្ងៃទី ១ ខែកក្កដាកន្លងទៅ ដែលជាកម្រិតទឹកខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ១៩៥៤ ។
កាលពីថ្ងៃអង្គារម្សិលមិញ ទីក្រុង Jiujiang បានបង្កើនផែនការឆ្លើយតបសង្រ្គោះបន្ទាន់សម្រាប់ទឹកជំនន់ ក្រោយភ្លៀងធ្លាក់ឥតឈប់ឈរ ។
CCTV រាយការណ៍ថា កម្រិតទឹកនៅក្នុងបឹង Poyang ដែលជាបឹងទឹកសាបធំបំផុតរបស់ចិន បានកើនឡើងដល់កម្រិតប្រកាសអាសន្នផងដែរ ៕