ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន បានអះអាងថា ការផ្តល់ជំនួយវ៉ាក់សាំងប្រឆាំងកូវីដ១៩ ពីសាធារណរដ្ឋប្រជាមានិតចិន មកឲ្យប្រទេសកម្ពុជា នឹងមិនត្រូវបានបញ្ចប់ឡើយ ដ៏រាបណាមេរោគកូវីដ១៩នៅប្រទេសកម្ពុជានៅតែបន្តកើតមាននៅឡើយ។
ការអះអាងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបែបនេះ គឺបានធ្វើឡើងនៅក្នុងពិធី ផ្តល់ និងទទួលនូវវ៉ាក់សាំងប្រភេទស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសបន្ថែមទៀត ជូនដល់រាជរដ្ឋាភិបាលកម្ពុជា នារសៀលថ្ងៃទី២៣ ខែសីហានេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា វ៉ាក់សាំងរបស់ចិន បានរួមចំណែកដ៏សំខាន់ជួយឱ្យកម្ពុជាសម្រេចនូវផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួន។
ដោយគម្រោងទាំងក្មេងទាំងចាស់រហូតដល់១២លាននាក់ ហើយវត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិននៅកម្ពុជានេះដែរ ក៏វាបានបង្ហាញច្បាស់ពីស្មារតីនៃមិត្តភាពដែកថែបរវាងចិន និងកម្ពុជា ដែលជាស្មារតីជួយជ្រោមជ្រែងគ្នារាល់ការលំបាកតាំងពីដើមរហូតដល់បច្ចុប្បន្ន ក៏ដូចជាអនាគតទៅទៀត។
ជាមួយគ្នានោះដែរ លោក វ៉ាង វិនធាន ក៏បានបញ្ជាក់ប្រាប់ដល់ប្រជាជនកម្ពុជាផងដែរថា រដ្ឋាភិបាលចិន គ្មានហេតុផលណាមួយដែលកុហកកម្ពុជា ក្នុងការសន្យាផ្តល់ជំនួយអ្វីៗនោះទេ ជាពិសេសគឺ ជំនួយវ៉ាក់សាំងការពារមេរោគកូវីដ១៩ នេះតែម្តង ដោយចិនសន្យាហើយ គឺចិននឹងធ្វើជានិច្ច និងគ្រប់សម្តី ដែលបានសន្យាយ៉ាងដូច្នេះដែរ។
ថ្លែងនៅក្នុងពិធីផ្តល់ និងទទួលនូវវ៉ាក់សំាងជាជំនួយរបស់ចិននេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា ជំនួយវ៉ាក់សាំងរបស់ ប្រជាជន និងរដ្ឋាភិបាលចិនបានផ្តល់ឲ្យកម្ពុជា ជារឿយៗនេះគឺសបញ្ជាក់ឲ្យឃើញថា ជាមិត្តដ៏ល្អ និងបានជួយគ្នាក្នុងគ្រាក្រ ខណៈដែលប្រទេសកម្ពុជាកំពុងត្រូវការខ្លាំងនូវវ៉ាក់សាំងការពារមេរោគកូវីដ១៩ចាក់ជូន ដល់បងប្អូនប្រជាពលរដ្ឋរបស់ខ្លួន។
ក្នុងនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងអំណរអគុណចំពោះទឹកចិត្តសប្បុរសធម៌របស់ប្រជាជន និងរដ្ឋាភិបាលចិន ដែលបានផ្តល់ជំនួយជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសគឺជំ នួយវ៉ាក់សាំងការពារមេរោគកូវីដ១៩នេះតែម្តង ដោយប្រទេសចិនបានផ្តល់ឲ្យកម្ពុជាបានទាន់ពេលវេលា ដោយរហូតមកដល់ពេលនេះ គឺមានជាង២១លានដូសហើយទាំងជំនួយមនុស្សធម៌ និងការបញ្ជាទិញពីកម្ពុជានោះ។
សូមបញ្ជាក់ថា ហូតមកដល់បច្ចុប្បន្ននេះប្រទេសកម្ពុជា បានទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបប្រមាណជា ២៤លានដូសហើយ ដោយក្នុងនោះវ៉ាក់សាំងមកពីប្រទេសចិនមានចំនួន ២១.៧លានដូស ខណៈជាង៣លានដូសទៀតជាជំនួយប្រទេសជាមិត្ត ដូចជាជប៉ុន អង់គ្លេស និងអាមេរិកជាដើមនោះ៕
អត្ថបទ ៖ បាន ចក់





