
ទីភ្នាក់ងារព័ត៌មានជាតិលីបង់ បានរាយការណ៍ថា ឯកអគ្គរដ្ឋទូតនៃប្រទេសកោះស៊ីបប្រចាំនៅលីបង់ បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកោះស៊ីប នឹងមិនអនុញ្ញាតឲ្យប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីធ្វើការវាយប្រហារយោធាប្រឆាំងនឹងប្រទេសលីបង់នោះទេ។
ឯកអគ្គរដ្ឋទូតកោះស៊ីបប្រចាំប្រទេសលីបង់ លោកស្រី Maria Hadjitheodosiou បាននិយាយអំឡុងពេលជួបជាមួយលោក Fadi Alameh សមាជិកសភាលីបង់ និងជាប្រធានគណៈកម្មាធិការកិច្ចការបរទេស និងអន្តោប្រវេសន៍ថា៖«យើងបញ្ជាក់ពីជំហររបស់ប្រទេសរបស់យើង ទាក់ទងនឹងការមិនអនុញ្ញាតឲ្យប្រើប្រាស់ទឹកដីរបស់ប្រទេសកោះស៊ីប ជាវេទិកាចាប់ផ្តើមសម្រាប់ប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសលីបង់។
មន្ត្រីទាំងពីររូប បានពិភាក្សាអំពីស្ថានភាពសន្តិសុខនៅភាគខាងត្បូង ទំហំនៃការខូចខាតដែល បណ្តាលមកពីការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់រវាងក្រុមហេសបូឡា និងអ៊ីស្រាអែល និងការប្រកាន់ខ្ជាប់របស់ប្រទេសលីបង់ក្នុងការអនុវត្តសេចក្តីសម្រេចលេខ ១៧០១ របស់អង្គការសហប្រជាជាតិ។
ឯកអគ្គរដ្ឋទូតប្រទេសកោះស៊ីប បាននិយាយថា លោកស្រីសង្ឃឹមថា នឹងឈានដល់ដំណោះស្រាយនយោបាយ ដើម្បីបញ្ចប់ស្ថានភាពបច្ចុប្បន្ននេះ។
កាលពីថ្ងៃទី ១៩ ខែមិថុនា មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah បានព្រមានប្រទេសកោះស៊ីបថា ប្រសិនបើខ្លួនបានជួយអ៊ីស្រាអែលវាយប្រហារលើប្រទេសលីបង់ ប្រទេសនេះ នឹងក្លាយទៅជាគោលដៅ។