
ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី នៅថ្ងៃពុធ (ទី៣ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា អ្នកស្រាវជ្រាវជនជាតិបារាំងឈ្មោះ Laurent Vinatier បានផ្ដល់ចម្លើយទទួលកំហុស អំឡុងពេលសាកសួរ បន្ទាប់ពីត្រូវបានឃុំខ្លួន កាលពីខែមុន ដោយត្រូវបានចោទប្រកាន់ពីបទមិនបានចុះឈ្មោះជាភ្នាក់ងារបរទេស ខណៈពេលដែលបានប្រមូលព័ត៌មានយោធាដ៏រសើប ដោយខុសច្បាប់។
លោក Vinatier ដែលជាអ្នកជំនាញដ៏មានបទពិសោធន៍យូរមកហើយក្នុងការធ្វើការនៅប្រទេសរុស្ស៊ី ត្រូវបានបង្ហាញខ្លួន កាលពីខែមុន ពេលត្រូវបានចាប់ខ្លួននៅក្នុងភោជនីយដ្ឋាន នាកណ្តាលទីក្រុងមូស្គូ ដោយមន្រ្តីពាក់ម៉ាសរបស់សេវាសន្តិសុខសហព័ន្ធ (FSB) ដែលជាអ្នកស្នងតំណែងដ៏សំខាន់របស់ទីភ្នាក់ងារ KGB ក្នុងសម័យសហភាពសូវៀត។
រូបលោកត្រូវបានចោទប្រកាន់ពីបទមិនបានចុះឈ្មោះជាភ្នាក់ងារបរទេស និងប្រមូលព័ត៌មានយោធាដោយចេតនា ពោលគឺជាអ្វីដែលអាចត្រូវបានយកទៅប្រើប្រាស់ដោយសេវាចារកម្មបរទេស ដើម្បីបំផ្លាញសន្តិសុខរបស់ប្រទេសរុស្ស៊ី។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបដិសេធថា លោក Vinatier ដែលជាបុគ្គលិកនៃមជ្ឈមណ្ឌល ដើម្បីកិច្ចសន្ទនាមនុស្សធម៌ (HD) ដែលជាក្រុមសម្របសម្រួលជម្លោះមានមូលដ្ឋាន នៅប្រទេសស្វីស មិនបានធ្វើការឲ្យរដ្ឋបារាំងនោះទេ។ លោក Macron បានពណ៌នាការចាប់ខ្លួននេះថា ជាផ្នែកនៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតដោយទីក្រុងមូស្គូ៕
